សៀមរាប៖ មុនពេលព្រឹត្ដិការណ៍រំលឹកគុណអង្គរឈានចូលមកដល់មួយថ្ងៃ នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា អមដំណើរដោយថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា រួមសិស្សានុសិស្ស សរុបចំនួនជិត១ពាន់នាក់ បានធ្វើព្យុះហយាត្រាដង្ហែក្បួន ដើម្បីឱ្យសាធារណជន ក៏ដូចជា ប្រជាពលរដ្ឋខ្មែរ ភ្ញៀវទេសចរជាតិ អន្ដរជាតិ មានការរំលឹកគុណដល់ប្រាសាទអង្គរ ជាបេតិកភណ្ឌពិភពលោកមិនអាចកាត់ថ្លៃបាន ដែលបុព្វបុរសខ្មែរបានបន្សល់ទុកឱ្យកូនខ្មែរជំនាន់ក្រោយ។
ឯកឧត្ដមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា ព្យុះហយាត្រាដែលមានមនុស្សចូលរួមជិតមួយ១ពាន់នេះ ធ្វើឡើងជាលើកទី១ នៃពិធីបុណ្យរំលឹកគុណអង្គរ ហើយជាសារមួយបង្ហាញថា កូនខ្មែរគ្រប់រូបបានតបស្នងសងគុណដល់បុព្វបុរសក៏ដូចជាអតីតព្រះមហាក្សត្រខ្មែរ ដែលបានកសាងប្រាសាទអង្គរទុកឱ្យកូនខ្មែរជំនាន់ក្រោយបានស្គាល់ ព្រោះថា ប្រាសាទអង្គរ ជាបេតិកភណ្ឌរស់រវើកដែលមិនអាចកាត់ថ្លៃបាន។
សម័យបច្ចេកវិទ្យាទំនើបនេះ ប្រទេសនៅលើពិភពលោកក៏អាចចម្លង ឬកសាងប្រាសាទថ្មីធំៗបានដែរ ប៉ុន្ដែការសាងសង់ថ្មី គឺគ្មានតម្លៃ និងគ្មានន័យដូចប្រាសាទរបស់កម្ពុជាបានឡើយ ព្រោះប្រាសាទនេះ មានអាយុកាលជាច្រើនពាន់ឆ្នាំមកហើយ ហើយក៏ជាដួងព្រឹលឹង និងអត្ដសញ្ញាណជាតិរបស់ខ្មែរ។ ឯកឧត្ដមបន្ដថា វប្បធម៌ អរិយធម៌ ដែលជាដួងព្រឹលឹងរបស់ខ្មែរមានច្រើនមហិមា មានអាយុរាប់រយឆ្នាំ ឬរាប់ពាន់ឆ្នាំមកហើយ ដូចនេះ កូនខ្មែរគ្រប់រូបត្រូវដឹងគុណអង្គរ ដែលពាក្យមានន័យទូលំទូលាយបំផុត សម្រាប់មនុស្សជំនាន់ក្រោយ ត្រូវចូលរួមការអភិរក្ស និងអភិវឌ្ឍឱ្យបានគង់វង្ស។
សូមជម្រាបផងដែរថា ពិធីដង្ហែក្បួននេះ ចាប់ផ្តើមឡើងចេញពីខាងមុខប្រាសាទអង្គរ ឆ្ពោះទៅកាន់ខ្លោងទ្វារក្រុងអង្គរធំ ឬខ្លោងទ្វារទន្លេអុំ ដោយមានកាន់នូវបដា ជាភាសារខ្មែរផង និងភាសាបរទេសផង ដែលរំលេចដោយអត្ថន័យដ៏ជ្រាលជ្រៅរបស់ប្រាសាទអង្គរ ដូចជា អង្គរជាដួងប្រលឹង និងជាអត្ដសញ្ញាណជាតិ អបអរសាទរពិធីបុណ្យរំលឹកគុណអង្គរ វប្បធម៌ជាមូលដ្ឋានគ្រិះនៃសន្ដិភាព និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាដើម៕