ចិន៖ អាជ្ញាធរទីក្រុងវូហាន នៅថ្ងៃអង្គារនេះ បាននិយាយថា នឹងធ្វើតេស្តរកមេរោគលើប្រជាជនរបស់ខ្លួនទាំងមូលបន្ទាប់ពីទីក្រុងភាគកណ្តាលប្រទេសចិនមួយនេះ បានរាយការណ៍ពីឆ្លងមេរោគកូវីដ១៩ ក្នុងសហគមន៍ជាលើកដំបូងក្រោយស្ងប់ស្ងាត់អស់រយៈជាងមួយឆ្នាំកន្លងមក។ នេះបើតាមប្រភពព័ត៌មាន CNA។
មន្រ្តីជាន់ខ្ពស់ទីក្រុងវូហាន លោក Li Tao បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃអង្គារនេះថាទីក្រុងដែលមានប្រជាជនចំនួន ១១លាននាក់ កំពុងចាប់ផ្តើមធ្វើតេស្តយ៉ាងឆាប់រហ័ស។ ករណីឆ្លងមេរោគកូវីដ១៩ ក្នុងសហគមន៍ចំនួន ៧ករណីត្រូវបានរកឃើញក្នុងចំណោមពលករចំណាកស្រុកនៅក្នុងទីក្រុង ដែលជាការបំបែកកំណត់ត្រារយៈពេលមួយឆ្នាំដោយគ្មានករណីក្នុងសហគមន៍សម្រាប់ទីក្រុងមួយនេះ។ យ៉ាងណាមិញ អាជ្ញាធរចិនបានបង្ខាំងប្រជាជនក្នុងទីក្រុងទាំងអស់ឱ្យនៅក្នុងគេហដ្ឋានរបស់ពួកគេដើម្បីកាត់ផ្តាច់ការចម្លងរាលដាល និងចាប់ផ្តើមដំណើរការធ្វើតេស្តទ្រង់ទ្រាយធំក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។
គួរឱ្យដឹងដែរថា ថ្ងៃអង្គារនេះ ប្រទេសចិនបានរាយការណ៍ពីករណីឆ្លងក្នុងសហគមន៍សរុបចំនួន៦១ករណី ខណៈការផ្ទុះឡើងនៃវីរុសកូវីដ១៩ ប្រភេទថ្មី ដែលតា (Delta) បាននឹងកំពុងរីករាលដាលយ៉ាងឆាប់រហ័ស ទៅដល់ទីក្រុងមួយចំនួនទៀត។ដោយឡែក ទីក្រុងធំៗ រួមទាំងទីក្រុងប៉េកាំង ឥឡូវនេះក៏បានធ្វើតេស្តប្រជាជនរាប់លាននាក់ ព្រមទាំងបានបិទខ្ទប់បរិវេណលំនៅដ្ឋាន ក៏ដូចជានាំយកអ្នកដែលមានការពាក់ព័ន្ធទៅធ្វើចត្តាឡីស័ក៕