​សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ តភ្ជាប់ស្រុកព្រៃនប់ ទៅក្រុងព្រះសីហនុ ​តម្លៃ៧៦លានដុល្លារ - TrueID

​សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ តភ្ជាប់ស្រុកព្រៃនប់ ទៅក្រុងព្រះសីហនុ ​តម្លៃ៧៦លានដុល្លារ

December 22, 2022

ព្រះសីហនុ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាបានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវតភ្ជាប់រវាងស្រុកព្រៃនប់ទៅក្រុងព្រះសីហនុ មានប្រវែងសរុបជាង ៤៣គីឡូម៉ែត្រ ដែលត្រូវបានស្ថាបនានិងកែលំអរឡើងវិញរួចរាល់ជាស្ថាពរហើយ ក្រោមកញ្ចប់ថវិកាជាតិប្រមាណ៧៦លានដុល្លារអាមេរិក។

មួយខ្សែមានឈ្មោះថាផ្លូវលេខ១៤៦B ឬហៅថា វិថីសុវត្ថិភាពសម្តេចព្រះសង្ឃរាជទេព វង្ស ចាប់ពីចំណុចបំបែកផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ១៧៨+១៦៥ ស្ថិតនៅភូមិវាលធំឃុំវាលរេញ ស្រុកព្រៃនប់ ទៅដល់រង្វង់មូលស្ទឹងហាវ ស្ថិតនៅភូមិ១ ឃុំអូរត្រេះស្រុកស្ទឹងហាវ។ មួយខ្សែទៀតមានឈ្មោះផ្លូវលេខ១៤៨ ឬហៅថា តីរវិថីសម្តេចតេជោ ហ៊ុន សែន(តីរវិថី គឺវិថីស្ថិតនៅបណ្តោយតាមឆ្នេរ) បន្តពីរង្វង់មូលស្ទឹងហាវដល់ចំណុចប្រសព្វផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ២២៥+៥៥០កំពង់ផែស្វយ័តក្រុងព្រះសីហនុ។

ផ្លូវទាំងពីរខ្សែនេះត្រូវបានស្ថាបនាឡើងវិញទៅតាមលក្ខណៈបច្ចេកទេស និងបែងចែកជាពីរប្រភេទគឺ៖ ១).កំណាត់ផ្លូវប្រវែងជិត ២១គីឡូម៉ែត្រ ត្រូវបានស្ថាបនាដោយក្រាលបេតុងកៅស៊ូAC កម្រាស់៩សង់ទីម៉ែត្រ មានទទឹងតួផ្លូវ ១១ម៉ែត្រ និង ២). កំណាត់ផ្លូវប្រវែងជាង ២២គីឡូម៉ែត្រត្រូវបានស្ថាបនាដោយក្រាលបេតុងសរសៃដែក កម្រាស់ ២៦សង់ទីម៉ែត្រ ទទឹងតួផ្លូវ ១១ម៉ែត្ររួមទាំងការសាងសង់សំណង់សិល្បការ្យផ្សេងៗ រួមមានដូចជា សាងសង់ស្ពានថ្មី ០១កន្លែងនិងពង្រីកស្ពានចាស់ ១៧កន្លែង និងដាក់លូគ្រប់ប្រភេទចំនួន ១៦១កន្លែង។

គួរឱ្យដឹងដែរថា គម្រោងស្ថាបនាផ្លូវទាំងពីរខ្សែនេះបានបើកការដ្ឋានសាងសង់កាលពីអំឡុង ខែមេសា ឆ្នាំ២០២០ និងបញ្ចប់ជាស្ថាពរនៅអំឡុងខែសីហាឆ្នាំ២០២២ ប្រើប្រាស់រយៈពេលសាងសង់ចំនួន ២៨ខែសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន (CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមការងារបច្ចេកទេសនៃក្រសួងសាធារណការនិងដឹកជញ្ជូន៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...