ក្រោយពីបញ្ចប់ដំណើរការកំណែ ក្រសួងអប់រំ ចាប់ផ្តើមស្រង់​ពិន្ទុ​ដោយ​កុំព្យូទ័រ​ និង​ផ្ទៀង​ផ្ទាត់​ពិន្ទុ​ប្រឡង​បាក់ឌុប ​ - TrueID

ក្រោយពីបញ្ចប់ដំណើរការកំណែ ក្រសួងអប់រំ ចាប់ផ្តើមស្រង់​ពិន្ទុ​ដោយ​កុំព្យូទ័រ​ និង​ផ្ទៀង​ផ្ទាត់​ពិន្ទុ​ប្រឡង​បាក់ឌុប ​

January 6, 2022

ភ្នំពេញ៖ ក្រសួងអប់រំយុវជននិងកីឡា បានចាប់ផ្តើមដំណើរការស្រង់ពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុសន្លឹកកិច្ចការប្រឡងបាក់ឌុបចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២២ បន្ទាប់ពីបានដំណើរការកំណែរយៈពេលពេលមួយសប្តាហ៍ដោយជោគជ័យរួចមក។

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡា មានប្រសាសន៍ នៅព្រឹកថ្ងៃទី ០៦ មករានេះថា ដំណើរការកំណែសន្លឹកកិច្ចការបេក្ខជនប្រឡងបាក់ឌុបថ្ងៃ២៧-២៨ធ្នូ ២០២១ ត្រូវបានបញ្ចប់ទាំងស្រុងក្រោមការបំពេញភារកិច្ចយ៉ាងសកម្ម និងទំនួលខុសត្រូវខ្ពស់ពីប្រធានអនុប្រធានមណ្ឌលកំណែ គណៈកម្មការទាំងអស់ ព្រមទាំងការចូលរួមសង្កេតការណ៍ជាប្រចាំពីមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ។

លោកបានបន្តថា បន្ទាប់ពីបញ្ចប់ដំណើរការកំណែប្រធាន អនុប្រធានមណ្ឌលទាំងអស់ បានដឹកសន្លឹក MCS និងឯកសារផ្សេងៗមករក្សាទុក ដើម្បីចាប់ផ្ដើមរៀបចំដំណើរការស្រង់បូកពិន្ទុដោយកុំព្យូទ័រនិងផ្ទៀងផ្ទាត់ពិន្ទុដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ០៦ ដល់ ១៦ មករា ២០២២។ ចំពោះមណ្ឌលស្រង់ពិន្ទុបូកពិន្ទុដោយកុំព្យូទ័រនៅអគាររដ្ឋបាលក្រសួងអប់រំយុវជននិងកីឡានៅជាន់ទី៥។ចំណែកមណ្ឌលផ្ទៀងផ្ទាត់ពិន្ទុនៅសាលាបឋមសិក្សាចៅពញាហុក។

គួរជម្រាបថា​ តាមការគ្រោងទុកលទ្ធផល​ប្រឡងនឹងត្រូវប្រកាសនៅតាមមណ្ឌលប្រឡង ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល នារសៀលថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២២ និងនៅតាមមណ្ឌល ប្រឡងក្នុងខេត្តផ្សេងទៀត នាថ្ងៃទី ១៩ ខែមករាឆ្នាំ២០២២ និងផ្សព្វផ្សាយតាមបណ្ដាញ ទំនាក់ទំនងសង្គម ផ្លូវការរបស់ក្រសួងអប់រំ៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...