ចិន៖ កាលពីថ្ងៃសុក្រសប្តាហ៍នេះ សង្កាត់សំខាន់ៗនៅក្នុងទីក្រុងShenzhen បានបិទដំណើរការសេវាដឹកជញ្ជូនសាធារណៈរបស់ខ្លួន និងបានបន្ថែមវិធានការទប់ស្កាត់សកម្មភាពសាធារណៈ ខណៈដែលទីក្រុងផ្សេងៗទៀតទូទាំងប្រទេសចិន បានកំពុងប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឺកូវីដ១៩។នេះបើតាមប្រភពព័ត៌មាន Reuters។
ប្រភពដដែល បានបញ្ជាក់ថា សង្កាត់ចំនួន៦ដែលមានចំនួនប្រជាជនជិត១៨លាននាក់នៅក្នុងទីក្រុងនេះ បានប្រកាសថាប្រជាជននឹងតម្រូវឱ្យធ្វើតេស្តរកកូវីដ១៩ ចំនួន២ដងនៅចុងសប្តាហ៍ ខណៈសេវាកម្មរថភ្លើងក្រោមដីនិងរថយន្តក្រុងត្រូវបានផ្អាកដំណើរការ។
គួរឱ្យដឹងដែរថាវិធានការទប់ស្កាត់ការធ្វើដំណើរមនុស្សរាប់សិបលាននាក់នេះ បានបង្កើនការប្រឈមសម្រាប់ប្រទេសចិនក្នុងការទប់ទល់ទៅនឹងផលប៉ះពាល់សេដ្ឋកិច្ច ក្រោមការអនុវត្តគោលនយោបាយ «សូន្យកូវីដ» ដោយការបិទព្រំដែនរបស់ខ្លួនភាគច្រើនសម្រាប់ភ្ញៀវអន្តរជាតិស្របពេលដែលប្រទេសផ្សេងទៀត កំពុងរៀនរស់នៅដោយសុវត្ថិភាពជាមួយជំងឺកូវីដ១៩នេះ៕