ឥណ្ឌូណេស៊ី៖ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ប្រទេសឥណ្ឌណេស៊ីបានរាយការណ៍ថាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ដល់ទៅចំនួន ៨,៨៩២នាក់ ដែលជាចំនួនឆ្លងប្រចាំថ្ងៃខ្ពស់បំផុតបើគិតចាប់ពីថ្ងៃ២៣ ខែកុម្ភៈមក ខណៈអ្នកជំងឺចំនួន២១១នាក់បន្ថែមទៀតបានស្លាប់បាត់បង់ជីវិត។
ករណីឆ្លងបានកើនឡើងនៅលើកោះចំនួន២ រួមមានកោះជ្វា(Java) និងកោះស៊ូម៉ាត្រា (Sumatra) ដែលមានប្រជាជនរស់នៅច្រើនបំផុត ស្របពេលអ្នកជំនាញខាងផ្នែកសុខាភិបាលបារម្ភថាការឆ្លងដ៏អាក្រក់បំផុតមិនទាន់មកដល់នៅឡើយទេ។ ហើយចំនួនករណីឆ្លងបានកើនឡើងយ៉ាងខ្លាំងនៅកោះទាំង២ គឺ នៅរយៈពេល ៣សប្ដាហ៍បន្ទាប់ពីថ្ងៃឈប់សម្រាក ក្រោយពិធីបុណ្យសាសនា Ramadan ពោលគឺនៅពេលមនុស្សរាប់លាននាក់ធ្វើដំណើរឆ្លងកាត់ប្រជុំកោះ ដោយមិនអើពើនឹងបម្រាមនានា។
ជាមួយគ្នានេះ លោក Wildan Asfan Hasibuan អ្នកជំនាញផ្នែករោគរាតត្បាត និងជាទីប្រឹក្សាក្រុមការងារខេត្ដបានឲ្យដឹងដែរថាខេត្ដ Riau ដែលស្ថិតនៅលើកោះស៊ូម៉ាត្រា បានកើនឡើងករណីឆ្លងប្រចាំថ្ងៃទ្វេដងឯណោះ។
តួយ៉ាងគិតត្រឹមលទ្ធផលថ្ងៃម្សិលមិញប្រទេសស្ថិតក្នុងតំបន់អាស៊ានមួយនេះ បានកើនឡើងករណីឆ្លងសរុបដល់ជាង ១.៩លានករណីនិងស្លាប់ចំនួន ៥២,៣៧៣នាក់ហើយ៕
ប្រភព៖ CNA