ខេត្តសៀមរាប ៖ កាលពីរសៀលថ្ងៃទី ២៧ សីហា កន្លងទៅនេះ លោក ទៀ សីហា អភិបាលខេត្តសៀមរាប ស្នងការខេត្ត និងលោក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ចនៃក្រសួងការពារជាតិ បានចុះទៅដល់ចំការរបស់លោក ខឹម វាសនា ដោយផ្ទាល់ដើម្បីពិនិត្យមើលការជួបជុំរបស់ប្រជាពលរដ្ឋ។
លោក តេង ច័ន្ទណាត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ប្រាប់ថាថា អភិបាលខេត្ត និងអាជ្ញាធរបានប្រាប់ឲ្យលោក ខឹម វាសនា ផ្អាកនិងបញ្ឈប់សកម្មភាពបំផុសបំផុលតាមពាក្យទំនាយថា «បាងកករលំ ភ្នំពេញរលាយ ព្រៃនគរខ្ចាត់ខ្ចាយ សម្បូរសប្បាយនគរវត្ត» នេះទៀត ព្រោះវាធ្វើឱ្យពលរដ្ឋចលាចល និងខាតបង់ផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ។
ក្នុងនោះ អភិបាលខេត្តសៀមរាប និងអាជ្ញាធរបានប្រាប់ឱ្យលោក ខឹម វាសនា រំសាយការជួបជុំគ្នានេះនៅត្រឹមថ្ងៃទី២៨ សីហា តែលោក ខឹម វាសនា យល់ព្រមសហការជាមួយអាជ្ញាធរ ប៉ុន្តែលោកសុំពន្យាពេលរំសាយការប្រមូលផ្ដុំនេះ នៅថ្ងៃទី៣០ សីហា៕
ប្រភព ៖ ថ្មីៗ