ភ្នំពេញ: កាលពីព្រឹកថ្ងៃអង្គារ ទី០៨ ខែមិថុនា ឆ្នាំ២០២នេះ វ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ស៊ីណូវ៉ាក់ (Sinovac Vaccine) ចំនួន៥០ម៉ឺនដូស និងស៉ីណូហ្វាម (Sinopharm Vaccine) ចំនួន៥០ម៉ឺនដូស របស់ក្រុមហ៊ុននៃប្រទេសចិន សរុបថ្ងៃនេះចំនួន១លានដូសទៀត បានដឹកមកដល់ប្រទេសកម្ពុជាយើងទៀតហើយ សម្រាប់ទុកចាក់ជូនប្រជាពលរដ្ឋយើងជាបន្តបន្ទាប់ទៀត។
វ៉ាក់សាំង១លានដូស ដែលបានដឹកមកដល់កម្ពុជានៅថ្ងៃនេះ គឺជាវ៉ាក់សាំងជើងទី៦ហើយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញពីក្រុមហ៊ុនស៊ីណូវ៉ាក់ ខណៈជើងទី១ មានចំនួន ១.៥លានដូស ត្រូវបានដឹកមកដល់កម្ពុជា កាលពីថ្ងៃទី២៦ ខែមីនា, ជើងទី២ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់កម្ពុជានៅថ្ងៃទី១៧ ខែមេសា និងជើងទី៣ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់កម្ពុជាថ្ងៃទី១១ ខែឧសភា និងជើងទី៤ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់ថ្ងៃទី១៦ ខែឧសភា និងជើងទី៥ មានចំនួន ១លានដូស ដឹកមកដល់កម្ពុជាកាលពីថ្ងៃទី២៣ ខែឧសភា។
សូមរំលឹកផងដែលថា រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋអាយុចាប់ពី ១៨ឆ្នាំឡើង ប្រមាណ១០លាននាក់ ត្រូវនឹងវ៉ាក់សាំងប្រមាណ ២០លានដូស ដោយគិតមកត្រឹមថ្ងៃអង្គារ ទី៨ ខែមិថុនា ឆ្នាំ២០២១នេះ វ៉ាក់សាំងបង្ការកូវីដ១៩ បានចាក់ជូនប្រជាជនកម្ពុជាបានប្រមាណជាជិត៣នាក់ហើយ៕