ភ្នំពេញ៖ ក្រសួងទេសចរណ៍ នៅថ្ងៃទី១៣ខែកញ្ញា ឆ្នាំ២០២២នេះ បានចេញសារាចរណែនាំ ដើម្បីពង្រឹងគុណភាពផលិតផលទេសចរណ៍និងបន្តចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩នៅតាមរមណីយដ្ឋានទេសចរណ៍ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ២៤-២៥-២៦ ខែកញ្ញា។
ក្នុងនោះ ក្រសួងទេសចរណ៍ណែនាំមន្ទីរទេសចរណ៍រាជធានីខេត្តអនុវត្តវិធានការ ៣ កាពារ និង ៣ កុំនិងពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍និងនីតិវិធីស្តង់ដារប្រតិបត្តិអប្បបរមា(SOP) តាមគន្លងប្រក្រតីភាពថ្មីដើម្បីរក្សាស្ថិរភាពអាជីវកម្ម និងធានាសុវត្ថិភាពភ្ញៀវទេសចរជាតិនិងអន្តរជាតិក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។
ក្រសួងទេសចរណ៍ ក៏ជំរុញឲ្យម្ចាស់អាជីវកម្មនិងគោលដៅទេសចរណ៍នានា រៀបចំឲ្យមានកម្មវិធីលើកទឹកចិត្តចំពោះភ្ញៀវដែលបានចាក់វ៉ាក់សាំង។ មន្ទីរទេសចរណ៍ ក៏ត្រូវសហការជាមួយអាជីវករ ក្នុងការពង្រឹងគុណភាពផលិតផលថែរក្សាបរិស្ថាន អនាម័យ និងរក្សាតម្លៃផលិតផល សេវាឲ្យបានសមរម្យ។
ចំពោះតម្លៃស្នាក់នៅម្ហូបអាហារនិងសេវាផ្សេងៗត្រូវសរសេរឲ្យបានច្បាស់ដាក់ក្នុងតារាងដើម្បីប្រាប់ភ្ញៀវឲ្យបានដឹងជាមុន ចៀសវាងការកំណត់ថ្លៃខ្ពស់ហួសហេតុ។
លើសពីនេះមន្ទីទេសចរណ៍ ត្រូវណែនាំម្ចាស់ទូកដ កាណូត និងមធ្យោបាយដឹកជញ្ជូនតាមផ្លូវទឹកនានាដែលធ្វើអាជីវកម្មដឹកភ្ញៀវទេសចរកាត់សមុទ្រ ទន្លេ ស្ទឹង និងបឹង មិនឲ្យផ្ទុកលើសចំណុះនិងត្រូវបំពាក់នូវសម្ភារសង្គ្រោះចាំបាច់និងរៀបចំឲ្យមានក្រុមការងារចុះផ្សព្វផ្សាយជំរុញការអនុវត្តខ្លឹមសារសារាចរណែនាំនេះឲ្យបានទូលំទូលាយ៕