វៀតណាម៖រដ្ឋាភិបាល បានបញ្ជាឲ្យមានការកាត់បន្ថយថ្លៃទឹក អគ្គិសនី និងសេវាទូរគមនាគមន៍ដើម្បីជួយដល់ក្រុមគ្រួសារ ក្នុងតំបន់ដែលបានអនុវត្តវិធានការបិទខ្ទប់ដែលជាការទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩។
តាមប្រភពព័ត៌មាន vnexpress ចុះផ្សាយថ្ងៃនេះបានឲ្យដឹងថាតម្លៃទឹកនៅទីក្រុងហាណូយ និងទីក្រុងហូជីមិញ ដែលជាទីក្រុងធំបំផុតរបស់ប្រទេសវៀតណាមនឹងត្រូវចំណាយចាប់ពី៣,៥០០ដុង ដល់១៨,០០០ដុង(ប្រមាណ០.១៥ ដល់០.៧៨ដុល្លារអាមេរិក)ក្នុងមួយម៉ែត្រគូប។ ចំណែកនៅតំបន់ផ្សេងៗទៀត នឹងមានតម្លៃ៣,០០០ដុងដល់ ១៥,០០០ដុង (ប្រមាណ០.១៣ ដល់ ០.៦៥ដុល្លារអាមេរិក) ក្នុងមួយគូប ចាប់ពីថ្ងៃទី០៥ ខែសីហា។ចំណែកនៅតាមតំបន់ជនបទ តម្លៃនឹងនៅដដែលពី ២,០០០ដុង ដល់១១,០០០ដុង (ប្រមាណ០.៨៧ ឬ០.៤៨ដុល្លារអាមេរិក)។
ការបញ្ចុះតម្លៃ ១០ ភាគរយនឹងអនុវត្តចំពោះអគ្គិសនីនៅតាមតំបន់ដែលកំពុងអនុវត្តវិធានការបិទខ្ទប់ដែរ ស្របតាមសេចក្តីណែនាំលេខ១៦ គិតត្រឹមថ្ងៃទី ៣០ ខែកក្កដា ប្រសិនបើពួកគេប្រើច្រើនជាង២០០គីឡូវ៉ាត់ម៉ោងក្នុងមួយខែ។សម្រាប់អ្នកដែលប្រើប្រាស់ថាមពលតិចជាង២០០គីឡូវ៉ាត់ម៉ោងក្នុងមួយខែ ថ្លៃអគ្គិសនីនឹងត្រូវកាត់បន្ថយ១៥ភាគរយ។ហើយការបញ្ចុះតម្លៃនេះនឹងត្រូវអនុវត្តសម្រាប់ខែសីហា និងកញ្ញា។
ទន្ទឹមនឹងនេះ ខាងក្រុមហ៊ុនទូរគមនាគមន៍ក៏បានស្នើសុំឲ្យមានការកាត់បន្ថយថ្លៃសេវារបស់ពួកគេក្នុងពេលឆាប់ៗនេះផងដែរដើម្បីជាគាំទ្ដល់រអ្នកប្រើប្រាស់ ចំពេលជំងឺកូវីដ-១៩កំពុងរាតត្បាតឥតឈប់ឈរ។
យ៉ាងណាមិញ គិតត្រឹមរសៀលថ្ងៃអង្គារនេះ ប្រទេសវៀតណាម មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន ១៦៥,៣៣៩នាក់ ស្លាប់ ១,៨៨១នាក់ និងជាសះស្បើយ ៤៦,៩៦៥នាក់៕
ប្រភព: vnexpress / worldometers