ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅ ឬមានទំនាក់ទំនងជាមួយបុគ្គលិកនៅ ហាង ឡាក់គី លក់ថ្នាំសត្វ និងបរិក្ខាពេទ្យ ដែលមានទីតាំងនៅផ្ទះលេខ ៤២០ ផ្លូវលេខ ១៩៣ សង្កាត់ទួលស្វាយព្រៃ ១ ខណ្ឌបឹងកេងកង ចាប់ពីថ្ងៃទី ០៥ ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០២១ ប្រសិនបើមានអាការមិនស្រួល ឬសង្ស័យសូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគកូវីដ១៩ជាបន្ទាន់ ដោយមូលហេតុ អ្នកជំងឺកូវីដ១៩ គឺជាបុគ្គលិកធ្វើការ នៅទីតាំងខាងលើនេះ។
បងប្អូនប្រជាពលរដ្ឋអាចទៅធ្វើតេស្ដនៅទីតាំងទាំងនេះរួមមាន វិទ្យាល័យបាក់ទូក វិទ្យាល័យបឹងត្របែក មណ្ឌលសុខភាពចាក់អង្រែក្រោម មន្ទីរពេទ្យខ្មែរ-សូវៀត សាលាបឋមសិក្សាសុភមង្គល ផ្លូវ ឌួងងៀប ជិតរោងចក្រ ឌីនហាន ដីឡូត៍ ខាងក្រោយផ្សារឯករាជ្យ៣ និងមណ្ឌលថែទាំជីវិត (ទីតាំងចាក់សំរាមចាស់ ស្ទឹងមានជ័យ)។ ដោយឡែក សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ៕