ភ្នំពេញ៖ ទិវាកុមារអន្តរជាតិ គឺជាថ្ងៃពិសេសមួយដែលត្រូវបានប្រារព្ធឡើងនៅទូទាំងពិភពលោករួមទាំងប្រទេសកម្ពុជាយើងផងដែរ។ ជាធម្មតាក្នុងឱកាសនេះកុមារៗជាច្រើនតែងតែត្រូវបានឪពុកម្តាយនាំទៅញ៉ាំអាហារឆ្ងាញ់ៗនៅតាមហាងអាហារល្បីៗ និងទទួលបានកាដូជាទីស្រលាញ់ប្រកបដោយស្នាមញញឹមរីករាយ។ប៉ុន្តែក្នុងពេលជាមួយគ្នានេះផងដែរ កុមារកំព្រាមិនទទួលបានឱកាសដ៏សប្បាយរីករាយបែបនេះជាមួយក្រុមគ្រួសារនោះទេ។
ដោយមើលឃើញបែបនេះ ហាងអាហារល្បីៗទាំង៤ម៉ាកយីហោ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនយីនកុកហ្វូដខប (Yinkok FoodCorp) រួមមានហាងភីហ្សា Domino’s Pizza ហាងបឺហ្គឺ និងមាន់បំពង Lotteria ហាងនំប៉័ង និងនំខេក TOUSles JOURS និងហាងអាហារបែបចិននិងអាស៊ី TAK (TheAsian Kitchen) ក៏បានសហការគ្នារៀបចំជាកម្មវិធីសប្បុរសធម៌ដ៏ធំមួយ ដើម្បីចែករំលែកអាហារនៃក្តីស្រលាញ់ដ៏ឆ្ងាញ់ពិសេសដល់កុមារកំព្រាទាំងអស់នៅក្នុងមណ្ឌលកុមារកំព្រាមែកឈើ ស្ថិតក្រោមការគ្រប់គ្រងរបស់លោកផន ផល្លា ជាប្រធានមណ្ឌល។
កម្មវិធីសប្បុរសធម៌នេះមានការចូលរួមពីសំណាក់លោក គួច សុខលី ជាអគ្គនាយកក្រុមហ៊ុនយីនកុកហ្វូដខប (Yinkok Food Corp) រួមទាំងអ្នកគ្រប់គ្រង និងក្រុមការងារប្រចាំហាងអាហារ Domino’sPizza, TOUS les JOURS, Lotteria និង TAK (TheAsian Kitchen) ក៏ដូចជាតំណាងអ្នកគ្រប់គ្រងនៅមណ្ឌលកុមារកំព្រាមែកឈើរួមជាមួយកុមារកំព្រាទាំង ៩៨ នាក់ និងបុគ្គលិកទាំងអស់នៅមណ្ឌលផងដែរ។
ក្នុងឱកាសដ៏សប្បាយរីករាយនេះ កុមារកំព្រាទាំងអស់ទទួលបានអាហារដ៏ឈ្ងុយឆ្ងាញ់រួមមាន ភីហ្សារបស់ដូមីណូភីហ្សា នំប៉័ង និងនំខេករបស់ហាង TOUS les JOURS មាន់បំពងរបស់ហាង Lotteria និងភេសជ្ជៈ អមដោយសម្ភារៈសិក្សារួមជាមួយអង្ករ មីកញ្ចប់ ម្សៅទឹកដោះគោសម្រាប់បំបៅទារកកំព្រាក្នុងមណ្ឌលនិងថវិកាសម្រាប់បុគ្គលិកមណ្ឌលផងដែរ។ កាន់តែពិសេសផងដែរនោះ នំខេកដ៏ស្រស់ស្អាតនិងឈ្ងុយឆ្ងាញ់របស់ហាងTOUS les JOURS ក៏ត្រូវបានរៀបចំឡើងយ៉ាងធំជាពិសេសរហូតដល់ទំហំកន្លះម៉ែត្រដើម្បីឱ្យក្មេងៗបានផ្លុំនំខេកជុំគ្នា និងកាត់នំខេកចែកគ្នាទទួលទានយ៉ាងសប្បាយរីករាយប្រៀបដូចជាក្រុមគ្រួសារដ៏កក់ក្តៅ។
នេះមិនមែនជាលើកទី១ ទេ ដែលហាងភីហ្សា Domino’sPizza ហាងនំប៉័ងនិងនំខេក TOUS les JOURS ហាងបឺហ្គឺនិងមាន់បំពង Lotteria និងហាងអាហាររសជាតិបែបចិននិងអាស៊ីTAK (The Asian Kitchen)រៀបចំកម្មវិធីចែកជូនអាហារសប្បុរសធម៌បែបនេះ។ កន្លងមកហាងល្បីៗទាំង ៤ ម៉ាកយីហោ តែងតែចូលរួមយ៉ាងសកម្មក្នុងការជូនអាហារដល់គ្រូពេទ្យជួរមុខដែលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីត១៩ការជូនអាហារដល់អ្នកខ្វះខាត ការជូនអាហារដល់កងកម្លាំងមានសមត្ថកិច្ចក្នុងពេលមានគ្រោះទឹកជំនន់នៅកម្ពុជាកាលពីពេលកន្លងទៅរួមទាំងការឧបត្ថម្ភអាហារដល់អង្គការកុមារកំព្រា និងអង្គការសប្បុរសធម៌ជាច្រើនទៀត៕