ក្រសួង ប្រកាសឱ្យអ្នកបានប៉ះពាល់ផ្ទាល់ ជាមួយអ្នកជំងឺ​អុតស្វា​ជនជាតិនីហ្សេរីយ៉ា ដាក់ខ្លួននៅដោយឡែក និងស្វែងរកការ​ពិនិត្យសុខភាព - TrueID

ក្រសួង ប្រកាសឱ្យអ្នកបានប៉ះពាល់ផ្ទាល់ ជាមួយអ្នកជំងឺ​អុតស្វា​ជនជាតិនីហ្សេរីយ៉ា ដាក់ខ្លួននៅដោយឡែក និងស្វែងរកការ​ពិនិត្យសុខភាព

July 23, 2022

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានអំពាវនាវឱ្យអ្នកដែលបានប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺជនជាតិនី ហ្សេរីយ៉ាទាំងអស់ ដាក់ខ្លួននៅដោយឡែក ហើយស្វែងរកការពិនិត្យសុខភាព ឬជូនព័ត៌មានមកក្រុមគ្រូពេទ្យដែលនៅជិតលោកអ្នក ឬជូន ព័ត៌មានទៅលេខ ១១៥ ដើម្បីទទួលបានការជួយជ្រោមជ្រែង ពិនិត្យសុខភាព ស្វែងរកការចម្លងបន្ត និងដើម្បីចូលរួមកាត់ផ្តាច់ខ្សែចម្លងវីរុស អុតស្វានេះបានទាន់ពេលវេលា។

សូមជម្រាបថា ក្រោយពីទទួលបានព័ត៌មានពីអាជ្ញាធរសុខាភិបាលថៃ កាលពីយប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ ស្ដីអំពីលទ្ធភាពនៃការគេចខ្លួន របស់បុរសជនជាតិនីហ្សេរីយ៉ា ដែលអាជ្ញាធរសុខាភិបាលថៃបានធ្វើរោគវិនិច្ឆ័យឃើញមានវិជ្ជមានវីរុសអុតស្វា (Monkeypox) ធ្វើដំណើរ ឆ្លងព្រំដែនមកកាន់ព្រះរាជាណាចក្រកម្ពុជាមក ថ្នាក់ដឹកនាំ និងមន្ត្រីឆ្លើយតបបន្ទាន់នៃក្រសួងសុខាភិបាល រួមជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ អាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីសុខាភិបាលរាជធានី-ខេត្តទាំងអស់ បានធ្វើសកម្មភាពជាបន្ទាន់ដោយបានត្រួតពិនិត្យ និងស្វែងរក អ្នកជំងឺអុតស្វាដែលជាជនជាតិនីហ្សេរីយ៉ានេះ រហូតមកដល់វេលាម៉ោងប្រហែលជា ១៧:៣០នាទីល្ងាច នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ អាជ្ញាធរមានសមត្ថកិច្ចថ្នាក់ជាតិ និងសាលារាជធានីភ្នំពេញ ព្រមទាំងផ្នែកពាក់ព័ន្ធផ្សេងទៀត បានរកឃើញបុរសជនជាតិនីហ្សេរីយ៉ានេះ ដែលកំពុងតែស្នាក់នៅផ្ទះសំណាក់មួយ នៅផ្លូវលេខ ៤៣០ សង្កាត់ទួលទំពួង (ម្តុំផ្សារដើមថ្កូវ) ខណ្ឌចំការមន រាជធានីភ្នំពេញ។

បច្ចុប្បន្ន អ្នកជំងឺអុតស្វាខាងលើនេះ ត្រូវបានមន្ទីរសុខាភិបាលរាជធានីភ្នំពេញចាត់ចែងដឹកតាមរថយន្តសង្គ្រោះបន្ទាន់ បញ្ចូនកាន់មន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត និងបានដាក់ឱ្យសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យនេះនៅវេលាម៉ោង ១៩:១០នាទី រួចរាល់ហើយ៕

សូមអានសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលខាងក្រោម៖

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...