ផ្លូវខេត្តលេខ១៤៦បេ និងផ្លូវខេត្តលេខ១៤៨ ​នឹង​សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២២ ខែធ្នូ ខាងមុខនេះ - TrueID

ផ្លូវខេត្តលេខ១៤៦បេ និងផ្លូវខេត្តលេខ១៤៨ ​នឹង​សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២២ ខែធ្នូ ខាងមុខនេះ

December 10, 2022

ភ្នំពេញ៖ ផ្លូវខេត្តលេខ១៤៦បេ និងផ្លូវខេត្តលេខ១៤៨ ប្រវែងសរុបប្រមាណ ៤៣,០២គីឡូម៉ែត្រ គ្រោងនឹងរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២២ នាពេលខាងមុខនេះ។

ឯកឧត្តម សួង ហេង រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការសម្រាប់ត្រៀមរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវខេត្តលេខ១៤៦បេ និង ផ្លូវខេត្តលេខ១៤៨ ដែលមានប្រវែងសរុបប្រមាណ៤៣,០២គីឡូម៉ែត្រ ស្ថិតនៅក្នុងខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមផងដែរពីសំណាក់ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បី ធ្វើការបែងចែកតួនាទីនិងភារកិច្ចជូនដល់សមាជិកសមាជិកានៃគណៈកម្មាការ និងអនុគណៈកម្មការសម្រាប់ត្រៀមរៀបចំពិធីសម្ពោធ ដើម្បីឱ្យការដឹកនាំ គ្រប់គ្រង ចាត់ចែង និងសម្របសម្រួលកម្មវិធីខាងលើ ប្រព្រឹត្តិទៅបានដោយរលូន ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពការងារទៅតាមបំណែងចែកការងារ ដែលមានចែងនៅក្នុងលិខិតបង្គាប់ការ។

អង្គប្រជុំបានធ្វើការពិភាក្សា ផ្លាស់ប្តូរយោបល់ យ៉ាងផុសផុល ទៅលើចំណុចសំខាន់ៗនានា ដែលរួមមានដូចជា៖ ចំណងជើងកម្មវិធី ការរៀបចំសន្ទរកថាជូនថ្នាក់ដឹកនាំ របៀបវារៈនៃកម្មវិធី ការរៀបចំលិខិតអញ្ជើញថ្នាក់ដឹកនាំ និងភ្ញៀវកិត្តិយសជាដើម។

ឯកឧត្តមរដ្ឋលេខាធិការ ប្រធានអង្គប្រជុំ ក៏បានធ្វើការផ្តាំផ្ញើរដល់អនុប្រធានគណៈកម្មការ សមាជិកគណៈកម្មការ និងអនុគណៈកម្មការនីមួយៗ ត្រូវទទួលខុសត្រូវលើភារកិច្ច ស្ថិតក្រោមដែនសមត្ថកិច្ចរបស់ខ្លួន ដែលបានកំណត់ ឱ្យអស់ពីសមត្ថភាព និងលទ្ធភាព។

សូមជម្រាបជូនដែរថា ពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវខេត្តលេខ១៤៦បេ និងផ្លូវខេត្តលេខ១៤៨ ប្រវែងសរុប៤៣,០២គីឡូម៉ែត្រ គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...