ហ្វីលីពីន៖ កាលពីថ្ងៃសុក្រ ទី០២ ខែមេសាឆ្នាំ២០២១ ប្រទេសហ្វីលីពីនបានរកឃើញអ្នកឆ្លងថ្មីជំងឺកូវីដ-១៩ រហូតដល់ទៅ ១៥,៣១០ករណី ដែលជាកំណត់ត្រាប្រចាំថ្ងៃខ្ពស់បំផុត ចាប់តាំងពីប្រទេសនេះត្រូវបានជំងឺកូវីដ-១៩រាតត្បាត ដោយធ្វើឲ្យចំនួនឆ្លងសរុបកើនដល់ ៧៧១,៤៩៧ករណី ខណៈមនុស្សចំនួន ១៧នាក់ទៀតបានស្លាប់នាំឲ្យចំនួនអ្នកស្លាប់សរុបកើនដល់ ១៣,៣២០នាក់។
ក្នុងអំឡុងការកើនឡើងយ៉ាងគំហុកនេះ ទីប្រជុំជនក្នុងទីក្រុងម៉ានីល និងខេត្ដដាច់ស្រយាលចំនួន៤ ត្រូវបានបិទទ្វារយ៉ាងតឹងរ៉ឹង ដែលជាវិធានការទប់ស្កាត់ការកើនឡើងករណីឆ្លង របស់រដ្ឋាភិបាលហ្វីលីពីន។ជាមួយគ្នានេះ ប្រជាជនរស់នៅក្នុងតំបន់រដ្ឋធានី (ទីក្រុងម៉ានីល) និងខេត្ដមួយចំនួនរួមមាន ខេត្ដ Bulacan,Cavite, Laguna និង Rizal ត្រូវបានស្ថិតក្រោមបម្រាមគោចរដោយហាមឃាត់ការធ្វើដំណើរចាប់ពីម៉ោង ៦ល្ងាច រហូតដល់ម៉ោង ៥ព្រឹក។
គួរឲ្យដឹងថា កាលពីថ្ងៃសុក្រនេះដែរ ហ្វីលីពីនបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសទាំង៤ រួមមានប្រទេសបង់ក្លាដែស កេនយ៉ា និងប៉ាគីស្ថាន ត្រូវបានកត់ចូលបន្ថែមទៅក្នុងបញ្ជីក្រហមរបស់ប្រទេសអង់គ្លេសដោយប្រជាជនដែលមកពីប្រទេសមានក្នុងបញ្ជីក្រហមនេះ នឹងមិនត្រូវបានអនុញ្ញាតឲ្យចូលប្រទេសអង់គ្លេសឡើយ លើកលែងតែពួកគេជាជនជាតិអង់គ្លេស ឬ អៀរឡង់។ ហើយបម្រាមនេះ នឹងចូលជាធរមានចាប់ពីម៉ោង៤ព្រឹកថ្ងៃទី៩ ខែមេសា នេះតទៅ៕