តៃប៉ិ៖កាលពីថ្ងៃអង្គារកន្លងទៅ កោះតៃវ៉ាន់បានប្រកាសលុបចោលការប្រារព្ធពិធីបុណ្យបង្ហោះគោមដ៏សំខាន់ក្នុងឱកាសវិស្សមកាលបុណ្យចូលឆ្នាំថ្មីខាងមុខនេះ ដោយសារមានការរាយការណ៍ពីកំណើនឡើងនៃករណីឆ្លងកូវីដ១៩ ក្នុងស្រុកកើនឡើងខ្ពស់ ដែលមិនធ្លាប់មាននៅក្នុងរយៈពេលជិត១១ខែកន្លងមកនេះ។
យ៉ាងណាមិញ រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនលោក Lin Chia-lung បានប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា វាគឺជាការសម្រេចចិត្តមួយដ៏លំបាក ប៉ុន្តែការបង្ការវីរុសរាតត្បាតគឺជាកត្តាចំបង ដែលយើងត្រូវគិតគូរជាមុន។
ក្នុងនោះដែរ លោក LinChih-chien អភិបាលក្រុង Hsinchu ដែលជាកន្លែងគ្រោងនឹងរៀបចំពិធីបុណ្យចូលឆ្នាំបានមានប្រសាសន៍ថា ក្រុមហ៊ុនបច្ចេកវិទ្យាមួយចំនួននៅក្នុងតំបន់ខាងលើ បានអំពាវនាវឱ្យរដ្ឋាភិបាលលុបចោលពិធីបុណ្យ ដោយក្តីបារម្ភពីការរីករាលដាលនៃវីរុសអាចកាត់បន្ថយខ្សែផលិតកម្មរបស់ក្រុមហ៊ុនបច្ចេកវិទ្យាបាន។
គួរជម្រាបដែរថាពិធីបុណ្យចូលឆ្នាំចិនគឺជាពិធីបុណ្យជាតិដ៏គគ្រឹកគគ្រេងមួយ សម្រាប់ពលរដ្ឋតៃវ៉ាន់ ដោយមានការដាក់បង្ហាញជាមួយគោមភ្លើង និងបាញ់កាំជ្រួចធំៗ នៅក្នុងពិធីបុណ្យ មិនត្រឹមតែប៉ុណ្ណោះពិធីបុណ្យនេះបានទាក់ទាញភ្ញៀវទេសចរណ៍មកទស្សនារាប់រយពាន់នាក់ជារៀងរាល់ឆ្នាំ៕