ភ្នំពេញ៖ កូវីដ-១៩ ជាជំងឺរាតត្បាតសកលដែលបានឆ្លងរាលដាលទៅកាន់ប្រទេស និងតំបន់ជាច្រើននៅជុំវិញពិភពលោក ដោយមិនប្រកាន់ភេទ ពណ៌សម្បុរ ក៏ដូចជាវ័យចាស់ ឬ ក្មេងនោះឡើយ ពោលគឺមានកុមារមិនតិចនោះទេ រួមមានទាំងកុមារកម្ពុជាផងដែរ ដែលបានឆ្លងជំងឺដ៏កាចសាហាវនេះ។
ជុំវិញបញ្ហានេះ ក្នុងដំណើរទស្សនកិច្ចយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទ្រង់ទ្រាយធំនៅទូទាំងខេត្តកណ្តាល នាថ្ងៃទី១០ ខែមិថុនា ម្សិលមិញនេះ អ្នកតំណាងអង្គការធំៗចំនួន២ ប្រចាំប្រទេសកម្ពុជា រួមមានអង្គការសុខភាពពិភពលោក WHO និងអង្គការ UNICEF បានជំរុញអោយគ្រប់អាណាព្យាបាលកុមារទាំងអស់ ត្រូវពង្រឹងការការពារកុមារពីជំងឺកូវីដ-១៩ ខណៈ ដែលប្រទេសកម្ពុជាមិនទាន់មានវ៉ាក់សាំងសម្រាប់ពួកគេឡើយ។
ការថ្លែងឡើងដូច្នេះ ព្រោះកន្លងមកលោកស្រីដែលជាអ្នកតំណាងអង្គការ UNICEF ប្រចាំកម្ពុជាមើលឃើញថា មានអាណាព្យាបាលកុមារមួយចំនួន នៅពេលយកកុមារ ឬកូនតូចៗរបស់ខ្លួនចេញដើរកម្សាន្ត ឬធ្វើដំណើរទៅតាមទីសាធារណៈផ្សេងៗ គឺភាគច្រើនអាណាព្យាបាលមានការពាក់ម៉ាស់ការពារត្រឹមត្រូវ ប៉ុន្តែកុមារ ឬកូនតូចៗ របស់ខ្លួននោះ មិនមានពាក់ម៉ាស់ការពារជំងឺកូវីដ-១៩ ជូននោះទេ ហើយបើពាក់គឺភាគច្រើនមិនបានត្រឹមត្រូវផងដែរ ដែលបញ្ហានេះបង្កការងាយឆ្លងខ្លាំង។
ជាមួយគ្នានេះ លោកស្រីដែលជាអ្នកតំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បានថ្លែងដែរថា បច្ចុប្បន្នមានបណ្តាប្រទេសរីកចម្រើនមួយចំនួន គឺគេមានវ៉ាក់សាំងការពារកូវីដ-១៩ សម្រាប់ចាក់ជូនកុមារតូច រហូតដល់កុមារធំវ័យក្រោម១៧ឆ្នាំ ប៉ុន្តែកម្ពុជានៅមិនទាន់មានវ៉ាក់សាំងសម្រាប់កុមារនោះទេ ខណៈដែលបច្ចុប្បន្ន WHO មិនទាន់មានផែនការផ្តល់ជំនួយវ៉ាក់សាំងសម្រាប់កុមារនោះឡើយ៕
ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ៖
ប្រភព៖ BTV Cambodia