រាជធានីភ្នំពេញ ៖ ពិតណាស់ ក្នុងពេលមួយរយៈចុងក្រោយនេះ ខណៈពេល វីរុសកូវីដបម្លែងថ្មី Delta ប្រភពពីឥណ្ឌា បានកំពុងរាតត្បាតក្នុងប្រទេសជិតខាងខ្លាំងក្លា មិនតែប៉ុណ្ណោះ ស្របពេល វីរុសនេះ កំពុងតែ មានចរាចរណ៍ក្នុងប្រទេសកម្ពុជាទៀតនោះ បងប្អូនមហាជនខ្មែរ ជាច្រើន បានចែករំលែកដំណឹងថា វីរុសកូវីដDeltaថ្មីនេះ មានលទ្ធភាពក្នុង ការឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត តាមខ្យល់បាន។
តែយ៉ាងណាក្តី ថ្មីៗនេះ លោកជំទាវបណ្ឌិត ឱ វណ្ណឌីន ជារដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានអះអាងច្បាស់ពី ដំណើរឆ្លងនៃវីរុសថ្មីនេះ ព្រមទាំង ច្រានចោលទាំងស្រុងចំពោះ ដំណឹងចែកចាយខាងលើ ដែលថា វីរុសថ្មីនេះ អាចឆ្លងតាមខ្យល់បាន។
ជាមួយគ្នានេះ លោកជំទាវបណ្ឌិត បានបន្តទៀតថា វីរុសស្រឡាយកូវីដទាំងឡាយ មិនថា Delta, Alpha, Gramma ទេ សុទ្ធតែមានលទ្ធភាពឆ្លងតាមរយៈ តំណក់ទឹកមាត់តូចៗ របស់អ្នកផ្ទុកវីរុសនោះ ហេតុនេះហើយទើប តម្រូវឲ្យរក្សាគម្លាតសុវត្ថិភាព ១ម៉ែត្រកន្លះ ព្រោះជាធម្មតា ទឹកមាត់អាចខ្ទាតក្នុងចន្លោះ ប្រហែល១ម៉ែត្រ។
លើសពីនេះទៅទៀត រាល់តំណក់ទឹកមាត់ធ្ងន់ៗដែលខ្ទាតចេញនោះ ត្រូវធ្លាក់ចុះក្រោម បើគ្មានការសម្អាតត្រឹមត្រូវTe ហើយយកដៃ ទៅប៉ះពាល់ផ្ទៃដែលមាន តំណក់ទឹកមាត់នោះ ហាក់បីដូចជា ប៉ះពាល់នឹងវីរុសនោះតែម្តង ហេតុនេះហើយ ទើបតម្រូវឲ្យមាន ការលាងដៃ ញឹកញាប់។
ចំណែកឯ តំណក់ទឹកមាត់តូចៗ ស្រាលៗមិនទាន់ធ្លាក់ចុះភ្លាមៗនោះ គឺត្រូវស្ថិតនៅក្នុងលំហមួយរយៈសិន ហេតុនេះហើយ ទើបវិធានការ ដាក់ចេញ មិនត្រូវនៅក្នុងកន្លែងបិទជិត ជាពិសេស ទីកន្លែងដែលមាន មនុស្សច្រើន បាត់បង់គម្លាតសុវត្ថិភាព ជាហេតុចៀសមិនផុតពីការឆ្លង។
ម្យ៉ាងទៀត វីរុសកូវីដDelta ចាត់ទុកជាវីរុសគ្រោះថ្នាក់ខ្លាំងនេះ ក៏ព្រោះ អ្នកវិទ្យាសាស្រ្តរកឃើញថា វីរុសនេះ មានកំហាប់ខាប់ខ្លាំងជាង វីរុសផ្សេងៗទៀត ដូចជាជ័រកាវ ពេលវាចូលក្នុងរាងកាយ ហើយវាធ្វើដំណើរ ទៅបិទថង់តូចៗ របស់សួត ដែលធ្វើឲ្យអ្នកជំងឺ ផ្ទុកវីរុសកូវីដថ្មីនេះ វិវត្តន៍ទៅរកភាពថប់ដង្ហើមហើយ ស្លាប់លឿនខ្លាំង៕
ប្រភព ៖ Fresh News