កម្ពុជានឹងធ្វើទំនើបកម្មផ្លូវរថភ្លើងបច្ចុប្បន្ន ឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿន - TrueID

កម្ពុជានឹងធ្វើទំនើបកម្មផ្លូវរថភ្លើងបច្ចុប្បន្ន ឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿន

December 14, 2022

ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុលរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងអំពីគម្រោងធ្វើទំនើបកម្មផ្លូវរថភ្លើងបច្ចុប្បន្នឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿនជាពិសេសការពង្រីកផ្លូវរថភ្លើងឱ្យសមស្របទៅនឹងបទដ្ឋានអន្តរជាតិ។

ក្នុងជំនួបពិភាក្សាការងារនិងជម្រាបលាពីសំណាក់ ឯកឧត្តម ParkHeung-Kyeong ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៣ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តមទេសរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងដ៏ល្អកន្លងមករវាងប្រទេសទាំងពីរជាពិសេសចំពោះជំនួយនានា ពាក់ព័ន្ធនឹងការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ដែលរដ្ឋាភិបាលកូរ៉េបានផ្តល់ជូនមកកម្ពុជាជាហូរហែរហើយមានគម្រោងមួយចំនួនដែលកំពុងអនុវត្តនៅពេលសព្វថ្ងៃរួមមាន៖គម្រោងធ្វើឱ្យប្រសើរឡើងវិញផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២និងគម្រោងសាងសង់ផ្លូវជាតិលេខ៤៨ ជាដើម។ ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានលើកឡើងអំពីគម្រោងធ្វើទំនើបកម្មផ្លូវរថភ្លើងបច្ចុប្បន្នឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿនជាពិសេសការពង្រីកផ្លូវរថភ្លើងឱ្យសមស្របទៅនឹងបទដ្ឋានអន្តរជាតិយោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ការរៀបចំផែនការមេវិស័យភស្តុភារកម្មការដឹកជញ្ជូនតាមផ្លូវទឹក ជាពិសេសគម្រោងសិក្សាលើការជីកព្រែកតភ្ជាប់ពីទន្លេបាសាក់ទៅកាន់ឈូងសមុទ្រខេត្តកំពត។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់លើការផ្ដល់ឥណទានសម្បទាន នៃមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចសម្រាប់ឆ្នាំ២០២២-២០២៦ ដែលមានទំហំទឹកប្រាក់ចំនួន ១៥០០លានដុល្លារអាមេរិកសម្រាប់គាំទ្រការអភិវឌ្ឍនៅកម្ពុជា ដែលភាគីទាំងពីរ កម្ពុជា-កូរ៉េទើបនឹងចុះហត្ថលេខាកាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ ថ្មីៗនេះ។ក្នុងឱកាសនោះក៏មានការចុះហត្ថលេខាលើគម្រោងពង្រឹងសមត្ថភាពប្រព័ន្ធបណ្ដាញបញ្ជូនអគ្គិសនីនៅខេត្តព្រះសីហនុ ដែលមានទឹកប្រាក់ចំនួន ៧០លានដុល្លារអាមេរិកនិងគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ, ជ្រោយចង្វារ-អរិយក្សត្រ) ដែលមានទំហំទឹកប្រាក់ប្រមាណជិត២៤៦ដុល្លារអាមេរិក ផងដែរ។

ក្នុងឱកាសនេះ ឯកឧត្តម ឯកអគ្គរដ្ឋទូតបានសម្តែងនូវអំណរគុណដូចគ្នា ចំពោះរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាក៏ដូចជាក្រសួងសាធារណការ និងដឹកជញ្ជូន ដែលតែងតែផ្តល់នូវកិច្ចសហការល្អ ហើយ ឯកឧត្តមបានបន្ថែមថា៖ ផ្លូវថ្នល់ គឺជាបច្ច័យដ៏សំខាន់សម្រាប់ការអភិវឌ្ឍកម្រិតនៃការរស់នៅរបស់ប្រជាពលរដ្ឋដូច្នេះហើយបានជាការចូលរួមក្នុងការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់គឺជារឿងមួយដែលរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ តែងតែយកចិត្តទុកដាក់ចំពោះប្រទេសជាមិត្តដើម្បីរឹតបន្តឹងចំណងសម្ព័ន្ធមេត្រីភាពល្អជាមួយគ្នា។

ឯកឧត្តម ឯកអគ្គរដ្ឋទូត បានជម្រាបជូនឯកឧត្តមទេសរដ្ឋមន្ត្រី ឱ្យជ្រាបថា៖បើទោះជាបេសកកម្មការទូតរបស់ឯកឧត្តមនៅកម្ពុជាត្រូវបានបញ្ចប់ហើយគ្រោងនឹងវិលត្រឡប់ទៅមាតុភូមិវិញក្នុងពេលឆាប់ៗនេះក៏ដោយប៉ុន្តែឯកឧត្តមផ្ទាល់នៅតែមានសុឆន្ទៈ ក្នុងការចូលរួមគាំទ្រលើការអភិវឌ្ឍប្រទេសកម្ពុជាដោយនឹងជួយជម្រុញណែនាំដល់វិនិយោគិនកូរ៉េ ដែលមានបំណងធ្វើការវិនិយោគនៅក្រៅប្រទេសឱ្យងាកមកពិចារណាលើការវិនិយោគនៅក្នុងប្រទេសកម្ពុជាដែលកំពុងតែមានការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសវិស័យសាធារណការនិងដឹកជញ្ជូននេះផ្ទាល់។

បន្ថែមពីលើនេះឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានជម្រាបជូនអំពីគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិតដែលក្រុមការងារអន្តរក្រសួង និងភាគីពាក់ព័ន្ធបានខិតខំប្រឹងប្រឹងយកអស់កម្លាំងកាយចិត្តក្នុងការរៀបចំសេចក្តីព្រាងកិច្ចសន្យាភាពជាដៃគូរវាងរដ្ឋនិងឯកជន (Public-Private Partnership Contract – PPP) ឱ្យបានចប់សព្វគ្រប់ មានអត្ថន័យគ្រប់ជ្រុងជ្រោយដើម្បីឈានទៅរកការចុះហត្ថលេខា នាដើមឆ្នាំ២០២៣ខាងមុខក្រោមអធិបតីភាពប្រមុខថ្នាក់ដឹកនាំ។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា៖ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិតគឺពិតជាស្ថិតក្រោមទម្រង់នៃការវិនិយោគ ក្នុងភាពជាដៃគូរវាងរដ្ឋ និងឯកជន (PPP) ប្រាកដមែន ដោយហេតុថាភាគីរដ្ឋទទួលបន្ទុកលើហិរញ្ញប្បទានក្នុងការសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គហើយភាគីក្រុមហ៊ុនឯកជនទទួលបន្ទុកក្នុងការវិយោគសាងសង់ផ្លូវនិងហេដ្ឋរចនាសម្ព័ន្ធនានា។រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាជ្រើសយកវិធីវិនិយោគបែបនេះគឺដើម្បីជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរឆ្លងកាត់ទន្លេមេគង្គតាមរយៈស្ពានដែលមាន៤គន្លង ដោយមិនចាំបាច់មានការចំណាយបន្ថែម។

ជាកិច្ចបញ្ចប់នៃជំនួបពិភាក្សាការងារនិងជម្រាបលានាឱកាសនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានធ្វើការជូនពរទៅកាន់ ឯកឧត្តមឯកអគ្គរដ្ឋទូត ចំពោះដំណើរមាតុភូមិនិវត្ត សូមឱ្យទទួលបានសុខសុវត្ថិភាពជាពិសេសសូមឱ្យបានជោគជ័យលើគ្រប់ភារកិច្ច ដែលឯកឧត្តមនឹងបំពេញនាពេលអនាគត៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...