កំពត៖ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពត នៅព្រឹកថ្ងៃចន្ទទី១១ ខែតុលា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងពីការបើកទ្វាររំដោះទឹកចេញពីទំនប់វារីអគ្គិសនី កំចាយ ដោយសន្សឹមៗដោយសារស្ថានភាពទឹកភ្លៀងនៅតែបន្តធ្លាក់រយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នានៅទូទាំងខេត្តកំពត ធ្វើឱ្យលំហូរទឹកចូលក្នុងអាងស្តុកទឹកទំនប់វារីអគ្គិសនី កំចាយ មានចំនួនកើនឡើងដល់កម្រិតត្រូវរំដោះទឹកចេញពីទំនប់។
គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបានបន្តថា ក្រុមបច្ចេកទេសនៃទំនប់ វារីអគ្គិសនីកំចាយបានធ្វើការបើកបង្ហូរទឹកដោយសន្សឹមៗ នៅវេលាម៉ោង ១១និង០០នាទី នាថ្ងៃទី១១ ខែតុលាឆ្នាំ២០២១នេះ។
គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ពិសេសអ្នករស់នៅតាមបណ្ដោយព្រែកកំពតត្រូវមានការប្រុងប្រយ័ត្នខ្ពស់៕