ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានសារៈសំខាន់ ក្នុងការតភ្ជាប់ប៉ូលសេដ្ឋកិច្ចកម្ពុជាធំៗចំនួនបី - TrueID

ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានសារៈសំខាន់ ក្នុងការតភ្ជាប់ប៉ូលសេដ្ឋកិច្ចកម្ពុជាធំៗចំនួនបី

June 8, 2022

ភ្នំពេញ៖ ​លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបញ្ជាក់ថាផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នឹងជួយក្នុងការតភ្ជាប់ប៉ូលសេដ្ឋកិច្ចកម្ពុជាធំៗចំនួនបី ដូចជាប៉ូលសេដ្ឋកិច្ចភ្នំពេញ ប៉ូលសេដ្ឋកិច្ចក្រុងព្រះសីហនុ ខេត្តព្រះសីហនុនិងប៉ូលសេដ្ឋកិច្ចខេត្តសៀមរាប។

តាមរយៈកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាននៅថ្ងៃទី៧ ខែមិថុនានេះ លោកទេសរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថាការតភ្ជាប់ប៉ូលសេដ្ឋកិច្ចភ្នំពេញ-ក្រុងព្រះសីហនុ តាមរយៈផ្លូវល្បឿនលឿននេះនឹងធ្វើឱ្យការដឹកជញ្ជូនទំនិញ ក៏ដូចជាអ្នកដំណើរកាន់តែមានប្រសិទ្ធភាពចំណាយពេលវេលាតិចជាងមុន កាត់បន្ថយចំណាយនិងធ្វើឱ្យប៉ូលសេដ្ឋកិច្ចខេត្តព្រះសីហនុមានការរីកចម្រើនថែមទៀត។

ឯកឧត្តមទេសរដ្ឋមន្ត្រី​បានបន្ថែមថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាកំពុងសហការជាមួយមិត្ត ចិនដើម្បីធ្វើផែនការមេសម្រាប់ខេត្តព្រះសីហនុទាំងមូលដើម្បីប្រែក្លាយខេត្តនេះឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសហើយផ្លូវល្បឿនលឿននេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយលើកកម្ពស់កំណើនសេដ្ឋកិច្ចរបស់ខេត្តព្រះសីហនុទាំងមូល ស្របតាមសុភាសិតចិនលើកឡើងថា៖ “ចង់មានបានត្រូវសង់ផ្លូវ”  ឯចំណែកសុភាសិតខ្មែរថា៖“មានផ្លូវ មានក្តីសង្ឃឹម”និងស្របតាមចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីដែលបានផ្ដល់អាទិភាពបួនយ៉ាងគឺ៖ ដើម្បីកសាងប្រទេសជាតិឱ្យមានការរីកចម្រើន ត្រូវ តែមានផ្លូវ ភ្លើង ទឹក និងធនធានមនុស្ស។ ហេតុដូច្នេះហើយទើបរាជរដ្ឋាភិបាលបានដាក់ទុនវិនិយោគយ៉ាងច្រើនលើការស្ដារ ការពង្រីក និងពង្រឹងគុណភាពផ្លូវនៅទូទាំងប្រទេសកម្ពុជា។

ទាក់ទងនឹងគុណភាពផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុលោកទេសរដ្ឋមន្ត្រី បានលើកឡើងថា ក្រុមការងារបច្ចេកទេសរបស់ក្រសួង បានពិនិត្យឃើញថាផ្លូវនេះមានគុណភាពល្អ ទាំងការរៀបចំកសាង និងការរៀបចំសុវត្ថិភាពហើយបន្ថែមពីលើនេះក្រសួងបានជួលក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសនិងវិស្វករឯករាជ្យឱ្យមកពិនិត្យលើគុណភាពថែមទៀត រួមជាមួយការប្រើបច្ចេកវិទ្យាថ្មីសម្ភារទំនើប បទពិសោធន៍ និងអ្នកជំនាញគ្រប់គ្រាន់ ដើម្បីសាងសង់ផ្លូវនេះឱ្យមានគុណភាពរឹងមាំតាមស្តង់ដារបច្ចេកទេស៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...