ភ្នំពេញ៖ ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB) ក្រោមកិច្ចសហការជាមួយក្រុមហ៊ុន អិមអេសអិនអេច អ៊ិនវេសម៉ិន ឯ.ក (MSNH Investment) បានប្រកាសពីការចាប់ផ្តើមសាងសង់ទីស្នាក់ការកណ្តាលថ្មីរបស់ខ្លួនដែលមានឈ្មោះថា «FTB Tower» នៅក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ដែលបានរៀបចំឡើងនៅថ្ងៃទី២២ខែមេសា ឆ្នាំ២០២២ ក្រោមអធិបតីដ៍ខ្ពង់ខ្ពស់របស់ឯកឧត្តមជា សុផារ៉ាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
ជាមួយផ្ទៃអគារសរុប ៧៧.៥៩៣ ម៉ែត្រការ៉េ អគារ FTB Tower នឹងមានកម្ពស់សរុបចំនួន ២៨ជាន់ ហើយនិងមានជាន់ក្រោមដីចំនួន៤ជាន់សម្រាប់ធ្វើជាចំណត ព្រមទាំងមានទីតាំងនៅលើដំបូលអគារសម្រាប់ឧទ្ធម្ភាគចក្រធ្វើការចុះចត។អគារ FTB Tower មានទីតាំងស្ថិតនៅលើដីឡូត៍លេខA សង្កាត់មនោរម្យ ខណ្ឌ៧មករា តាមបណ្តោយមហាវិថីសហព័ន្ធរុស្សីនៅជិតវិមានសន្តិភាព ទីស្តីការគណៈរដ្ឋមន្ត្រី ដែលជាទីតាំងពាណិជ្ជកម្មសំខាន់ៗនៅចំកណ្តាលទីក្រុងភ្នំពេញ។
ការសាងសង់អគារ «FTBTower» នេះ បានបង្ហាញពីភាពរឹងមាំ និងនិរន្តរភាពរបស់ធនាគារ FTB ដែលជាធនាគារពាណិជ្ជក្នុងស្រុកដំបូងគេក្នុងប្រទេសកម្ពុជា ដែលបានបង្កើតឡើងចាប់តាំងពីឆ្នាំ១៩៧៩។ ធនាគារ FTB បានផ្តល់សេវាកម្មធនាគារដល់អតិថិជនអស់រយៈពេលជាង៤០ ឆ្នាំមកហើយ ហើយនៅតែបន្តខិតខំដើម្បីអត្ថប្រយោជន៍ និងការពេញចិត្តរបស់អតិថិជនទាំងអស់ នៅក្នុងវិស័យធនាគារដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។
ជាមួយនឹងការវិនិយោគសរុបចំនួន១១២ លានដុល្លារអាមេរិកអគារ FTBTower គឺជាអគារការិយាល័យកម្រិត Aដែលជាប្រភេទអគារលំដាប់ខ្ពស់ និងនៅមានចំនួនតិចតួចនៅឡើយ នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។អគារការិយាល័យកម្រិត A នេះត្រូវបានគូសប្លង់ និងរចនារូបរាងឡើងដោយក្រុមហ៊ុនស្ថាបត្យកម្មAedas ជាក្រុមហ៊ុនស្ថាបត្យកម្មឆ្នើមកំរិតអន្តរជាតិនិងសាងសង់ឡើងដោយក្រុមហ៊ុន China ConstructionMidland (Cambodia) Co., Ltd (CCM) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន China StateConstruction Engineering ដែលជាប់ចំណាត់ថ្នាក់ទី១៣ ចេញផ្សាយដោយ TheFortune Global 500 ក្នុងឆ្នាំ២០២១។
ការសាងសង់នឹងត្រូវប្រើប្រាស់នូវសម្ភារទំនើបៗ រួមទាំងបច្ចេកវិទ្យាចុងក្រោយបង្អស់ជាមួយស្វ័យប្រវត្តិកម្មសុវត្ថិភាពអគ្គិភ័យ ការសន្សំសំចៃថាមពល និងការការពារបរិស្ថាន ស្របតាមបទប្បញ្ញត្តិក្នុងការសាងសង់អគារស្តង់ដារថ្នាក់ជាតិនិងតំបន់។
សម្រាប់រូបរាងអគារត្រូវបានរចនាឡើងក្នុងគំនិតនាំយកមកនូវអគារទំនើប ដែលរូបរាងអគារជានិមិត្តសញ្ញារបស់ធនាគារ FTB មានរូបព្រះព្រហ្មហើយក៏ជានិមិត្តរូបមួយដែលបង្ហាញពី « ភាពរឹងមាំនិងបំណងប្រាថ្នាអនាគតច្បាស់លាស់»។
អគារFTB Tower ក៏ដើរតួនាទីក្នុងការកំណត់គោលដៅនៃនិរន្តរភាព និងជាអគារការិយាល័យទំនើប ដែលជាការដាក់បញ្ចូលគ្នារវាងវប្បធម៌កម្ពុជានិងស្ថាបត្យកម្មសហសម័យ ។ គម្រោងសំណង់អគារ FTB Tower គ្រោងនឹងប្រើរយៈពេលជិតបីឆ្នាំដើម្បីបញ្ចប់ការសាងសង់ ហើយអគារនេះនឹងក្លាយជាទីស្នាក់ការកណ្តាលថ្មីរបស់ធនាគារFTBហើយក៏នឹងក្លាយជាមជ្ឈមណ្ឌលសំខាន់ក្នុងការបង្កើត និងការពង្រីកផលិតផល និងសេវាកម្មប្រកបដោយភាពច្នៃប្រឌិតខ្ពស់របស់ធនាគារផងដែរ។ក្រៅពីក្លាយជាសាខា និងទីស្នាក់ការកណ្តាលថ្មីរបស់ធនាគារFTB ទីតាំងទំនេរផ្សេងទៀតរបស់អគារក៏នឹងត្រូវបានដាក់ជួលជាការិយាល័យកម្រិតA។
ក្នុងនាមជាធនាគារពាណិជ្ជក្នុងស្រុកទី១នៅកម្ពុជា ដែលទទួលបានការទុកចិត្តចាប់តាំងពីឆ្នាំ១៩៧៩ធនាគារ FTB បានដើរតួនាទី យ៉ាងសំខាន់ក្នុងការចូលរួមលើកកម្ពស់និងអភិវឌ្ឍទីផ្សារ សេដ្ឋកិច្ច និងសង្គមជាតិ តាមរយៈការជំរុញ គាំទ្រ និងផ្តល់សេវាហិរញ្ញវត្ថុជាមូលដ្ឋានចាំបាច់ដល់អតិថិជនអាជីវករ និងពាណិជ្ជករក្នុងស្រុក។
ជាមួយទំហំទ្រព្យសកម្មសរុបរបស់ធនាគារដែលបានកើនឡើងដល់១,៧១ពាន់លានដុល្លារអាមេរិក ទំហំឥណទានកើន ១,១៥ពាន់លានដុល្លារអាមេរិក និងប្រាក់បញ្ញើសរុបកើនឡើងជាង ១,៤ពាន់លានដុល្លារអាមេរិក ធនាគារ FTB បានកំណត់ទិសដៅអាជីវកម្មរយៈពេលវែងមួយក្រោមចក្ខុវិស័យដើម្បីក្លាយជាធនាគារពាណិជ្ជដែលទទួលបានការពេញចិត្តជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា។