ចិន៖ ទីក្រុង Guangzhou ប្រទេសចិនបានប្រកាសលុបចោលជើងហោះហើររាប់រយជើងនៅថ្ងៃព្រហស្បតិ៍នេះ ហើយបានចាប់ផ្តើមធ្វើតេស្តទ្រង់ទ្រាយធំលើមនុស្សចំនួន ៥,៦លាននាក់ បន្ទាប់ពីសង្ស័យថាមានករណីឆ្លងជំងឺកូវីដ១៩ចំនួន១ករណី ខណៈប្រទេសចិនព្យាយាមប្រយុទ្ធប្រឆាំងការឆ្លងរាលដាលជំងឺកូវីដ១៩។នេះបើតាមប្រភពព័ត៌មាន CNA។
ប្រទេសចិនកំពុងប្រឈមមុខនឹងការផ្ទុះឡើងករណីឆ្លងដ៏អាក្រក់បំផុតរបស់ខ្លួនចាប់តាំងពីការកើនឡើងនៃរលកឆ្លងទីមួយនៅដើមឆ្នាំ២០២០ ដោយទីក្រុងសៀងហៃ បានកត់ត្រាករណីស្លាប់ប្រចាំថ្ងៃរាប់សិបនាក់ ហើយរដ្ឋធានីប៉េកាំងបានបិទខ្ទប់បណ្តាសង្កាត់ទាំងមូល បន្ទាប់ពីករណីមួយចំនួនត្រូវបានគេរកឃើញ។
គួរឱ្យដឹងដែរថា ក្រោមគោលនយោបាយ«សូន្យកូវីដ» ប្រទេសចិនបានអនុវត្តនូវវិធានការបិទខ្ទប់ ការធ្វើតេស្តទ្រង់ទ្រាយធំនិងរឹតបន្តឹងការធ្វើដំណើរ ដើម្បីលុបបំបាត់ករណីឆ្លង។ យ៉ាងណាមិញ យុទ្ធសាស្ត្រនេះ គឺស្ថិតក្រោមភាពតានតឹង ដោយសារតែវត្តមាននៃវីរុសបំប្លែងថ្មីអូមីក្រុង៕