កណ្ដាល៖ ជាដំណឹងល្អមួយដែល នាពេលនេះ ស្ដ្រីមានផ្ទៃឬកំពុងបំបៅកូនដោយទឹកដោះ ក៏អាចទទួលយកនូវការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩បានដូចគេឯងដែរ ក្នុងករណីគាត់មានសុខភាពល្អ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោកជំទាវ ឱវណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលនិងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ក្របខ័ណ្ឌទូទាំងប្រទេស នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១នេះ។
ការលើកឡើងបែបនេះរបស់លោកជំទាវឱ វណ្ណឌីន បានធ្វើឡើងក្នុងឱកាសអញ្ជើញបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជុំទី១ជូនមនុស្សពេញវ័យ ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ នៅមន្ទីរពេទ្យជ័យជំនះស្ថិតក្នុងក្រុងតាខ្មៅ ខេត្ដកណ្ដាលបន្ទាប់ពីមានប្រជាពលរដ្ឋងឿងឆ្ងល់ពាក់ព័ន្ធស្ដ្រីមានផ្ទៃពោះឬកំពុងបំបៅកូនដោយទឹកដោះ។
ជាមួយគ្នានេះរដ្ឋលេខាធិការក្រសួងសុខាភិបាលរូបនេះ បានមានប្រសាសន៍ថា៖ ចំពោះស្ដ្រីមានផ្ទៃពោះឬបំបៅកូនដោយទឹកដោះនេះ ប្រសិនបើគាត់មានសុខភាពធម្មតា គាត់អត់មានជំងឺដង្កាត់អីទេហើយគាត់ស្ម័គ្រចិត្តចង់ចាក់ គឺគាត់អាចទៅទទួលការចាក់វ៉ាក់សាំងនេះបាន មិនថាពេលណាមិនថាខែណានោះទេ ឲ្យតែគាត់ស្រួលខ្លួន ហើយគាត់ចង់ចាក់សូមអញ្ជើញមកចាក់។
លោកជំទាវឱ វណ្ណឌីន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋកុំមានការសង្ស័យទៅលើប្រសិទ្ធភាពនិងគុណភាពនៃវ៉ាក់សាំង ព្រោះអង្គការសុខភាពពិភពលោក WHO បានដាក់ចូលក្នុងបញ្ជីប្រើប្រាស់បន្ទាន់រួចហើយហើយមុនពេលអនុញ្ញាតឲ្យប្រើប្រាស់ អង្គការសុខភាពពិភពលោកបានសិក្សាច្បាស់លាស់ណាស់ជុំវិញប្រសិទ្ធភាព និងគុណភាពនេះ។
លើសពីនេះលោកជំទាវ ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋបន្ថែមទៀតផងដែរដើម្បីកុំឲ្យមានការរើសអើងប្រភេទវ៉ាក់សាំង ដែលរាជរដ្ឋាភិបាលចាក់ជូននេះ ព្រោះថាវ៉ាក់សាំងទាំងអស់សុទ្ធតែមានគុណភាពដូចគ្នាៗនិងអាចការពារប្រជាពលរដ្ឋពីការឆ្លងជំងឺកូវីដ១៩ ហើយក្នុងករណីឆ្លង ក៏ទប់ស្កាត់មិនឲ្យឈានទៅដល់ស្ថានភាពធ្ងន់ធ្ងរផងដែរ៕
ប្រភព៖ FN