ចិន៖ ទីក្រុង Wuhan ប្រទេសចិន បានបិទអាជីវកម្មមួយចំនួន រួមទាំងសេវាកម្មដឹកជញ្ជូនសាធារណៈជាបណ្តោះអាសន្ននៅក្នុងសង្កាត់មួយដែលមានមនុស្សរស់នៅជិតមួយលាននាក់ នៅថ្ងៃពុធទី២៧ ខែកក្កដានេះ ក្រោយពីរកឃើញករណីឆ្លងថ្មីនៃជំងឺកូវីដ១៩។នេះបើតាមប្រភពព័ត៌មាន Reuters។
អាជ្ញាធរសង្កាត់Jiangxia ក្នុងទីក្រុងWuhan ដែលមានប្រជាជន ជិត១លាននាក់នេះបាននិយាយថា តំបន់សំខាន់ៗរបស់ខ្លួន នឹងត្រូវស្ថិតក្រោមវិធានការរិតត្បិត រយៈពេល ៣ថ្ងៃចាប់ពីថ្ងៃពុធនេះ ដោយហាមឃាត់ព្រឹត្តិការណ៍ដែលមានការប្រមូលផ្តុំជាក្រុមធំៗ ហាមឃាត់ទទួលទានអាហារនៅភោជនីយដ្ឋានបិទកន្លែងកម្សាន្តសាធារណៈផ្សេងៗ ទីផ្សារផលិតផលកសិកម្ម និងគ្លីនិកតូចៗ ហើយផ្អាកសេវាកម្មឡានក្រុងនិងរថភ្លើងក្រោមដី។ បន្ថែមពីនេះ អាជ្ញាធរក៏បានជំរុញឱ្យប្រជាពលរដ្ឋ កុំធ្វើដំណើរចាកចេញពីតំបន់នេះក្នុងអំឡុងពេលបីថ្ងៃនិងលើកទឹកចិត្តអ្នកធ្វើដំណើរ ជៀសវាងការចូលតំបន់ហានិភ័យនេះផងដែរ។
ការដាក់ចេញវិធានការរិតត្បិតភ្លាមៗនេះ បានធ្វើឡើងបន្ទាប់ពីអាជ្ញាធរ សង្កាត់ Jiangxiaបានប្រកាសរកឃើញករណីឆ្លងថ្មីនៃជំងឺកូវីដ១៩ចំនួន២ករណី ក្នុងអំឡុងពេលធ្វើតេស្តសាកល្បងជាប្រចាំ ហើយបានរកឃើញ ២ករណីផ្សេងទៀត តាមរយៈការពិនិត្យលើបុគ្គលដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងអ្នកជំងឺ៕
គួរឱ្យដឹងដែរថា កន្លងមកប្រទេសចិន បានដាក់ចេញគោលនយោបាយ «សូន្យកូវីដ» ដោយពឹងផ្អែកលើការធ្វើតេស្តទ្រង់ទ្រាយធំ ការរឹតបន្តឹងរហ័សលើសកម្មភាពអាជីវកម្ម រឹតបន្តឹងការធ្វើដំណើររបស់មនុស្ស និងការធ្វើចត្តាឡីស័កយ៉ាងតឹងរ៉ឹង ក្នុងគោលដៅកាត់ផ្តាច់ករណីឆ្លងជំងឺកូវីដ១៩ជាចង្កោម៕