រាជធានីភ្នំពេញ៖ ចម្លាក់គឺជាសិល្បៈមួយប្រភេទដែលមានសារៈសំខាន់ណាស់ដែលបានបង្ហាញអត្តសញ្ញារបស់ប្រទេស ឬវប្បធម៍ អរិយធម៍របស់ប្រជាជាតិមួយ។ ជាក់ស្តែង យើងអាចឃើញចម្លាក់ដែលមានក្បាច់រចនាយ៉ាងល្អប្រណិតនៅលើប្រាង្គប្រាសាទនានានៅក្នុងប្រទេសកម្ពុជា ជាពិសេសគឺនៅលើប្រាង្គប្រាសាទអង្គរវត្តតែម្តង។
នាពេលបច្ចុប្បន្ននេះចម្លាក់នៅក្នុងប្រទេសកម្ពុជា មានភាពពេញនិយមជាខ្លាំង នៅត្រង់ថាចម្លាក់របស់ខ្មែរមានភាពខុសប្លែកគ្នា និងលក្ខណៈពិសេសខុសពីចម្លាក់របស់បរទេស។
លោកគ្រូ ជា យុទ្ធា ដែលជាជាងចម្លាក់មួយរូបដែលត្រូវបានមហាជនជាច្រើនបានស្គាល់ និង កោតសរសើរមិនដាច់ពីមាត់ស្នាដៃទេពកោសល្យទឹកដៃនៃចម្លាក់របស់លោកពោរពេញទៅដោយភាពច្នៃប្រឌិត និង ភាពផ្ចិតផ្ចង់យ៉ាងល្អប្រណិត។
ក្នុងនោះ ក្រុមការងារខ្មែរឡូតក៏បានទទួលបានការអនុញាតិសុំការសម្ភាសន៍ ពីលោក ជា យុទ្ធាដែលជាជាងចម្លាក់មួយរូបមានកេរ្តិ៍ឈ្មោះដ៏លេចធ្លោមួយរូបក្នុងចំណោមជាងចម្លាក់ផ្សេងៗនៅក្នុងប្រទេសកម្ពុជា។
ខាងក្រោមនេះ គឺជាខ្លឹមសារដែលដកស្រង់ពីការសម្ភាសន៍ លោកពូ ជា យុទ្ធា ជាមួយខ្មែរឡូត
លោកពូជាងចម្លាក់ ជាយុទ្ធា មានវ័យ ៦៦ឆ្នាំ រស់នៅភូមិសាលាកាត់សក់ ឃុំវិហារហ្លួង ស្រុកពញាលឺ ខេត្តកណ្តាល។
លោកពូបានបញ្ជាក់ថាលោករៀនចម្លាក់នេះ តាំងពីចន្លោះទសវត្សឆ្នាំ ១៩៦៦-១៩៦៧ តាមរយៈលោកឪពុកធំរបស់ពូ នៅទីក្រុងភ្នំពេញ ដោយបានរៀននៅអាយុប្រហែលខ្ទង់១០ឬ១២ ឆ្នាំ។ ហើយបានផ្អាកទៅវិញ នៅឆ្នាំ១៩៧៥ ដោយសារមានសង្គ្រាមនៅក្នុងសម័យខ្មែរក្រហមប៉ុលពត។ក្នុងនោះ លោកពូ ជា យុទ្ធា បានមានប្រសាសន៍ថា រូបគាត់រៀនចម្លាក់នេះជាមួយលោកគ្រូពីររូបគ្រូមួយឈ្មោះគង់ បុណ្យ និងគ្រូទី២ ឈ្មោះ ណេតឆោមរស់នៅស្រុកជាមួយគ្នា។
ឆ្លើយតបទៅនឹងសំនួរ អ្វីដែលធ្វើឱ្យលោកពូចាប់យកការងារជាជាងចម្លាក់នេះលោកបានមានប្រសាសន៍ប្រាប់ថា ដោយសារតែ លោកមានការលំបាកខាងជីវភាពនៅពេលនោះ ណាមួយលោកក៏រៀនមិនសូវពូកែ ហើយបែរជាមកចាប់ចិត្តស្រលាញ់ការងារជាជាងចម្លាក់នេះតែម្តង។
ជាមួយគ្នានេះ លោកពូជា យុទ្ធា បានធ្វើជាជាងចម្លាក់មករហូត លើកលែងតែក្នុងអំឡុងពេលសម័យប៉ុល ពត។ ក្រោយពីរបរប៉ុល ពត នៅឆ្នាំ១៩៨៩ ដោយមិនមានអាជីពផ្សេង លោកក៏បានចាប់ផ្តើមប្រកបរបរជាជាងចម្លាក់ឡើងវិញ។ លោកពូ ជា យុទ្ធាប្រកបរបរពីរមុខ ក្រៅពីការងារជាជាងចម្លាក់ លោកក៏ធ្វើស្រែចំការផងដើម្បីចិញ្ចឹមជីវិតរហូតដល់សព្វថ្ងៃនេះ ណាមួយលោកមិនអាចពឹងពាក់តែលើការប្រកបរបរជាជាងចម្លាក់តែមួយមុខនោះទេ។ ចំពោះតម្លៃនៃចម្លាក់លោកបានបញ្ជាក់ប្រាប់ថា តម្លៃចម្លាក់និមួយៗ ថ្លៃចាប់ពី ៣០០ដុល្លារទៅ១០០០០ដុល្លារ ទៅតាមប្រភេទនៃចម្លាក់និមួយៗ ដែលភ្ញៀវកម្ម៉ង់ចង់បានដូចជាចម្លាក់ក្បាច់រូបអង្គវត្តជាដើម។
ទន្ទឹមនេះ លោកបានឱ្យដឹងទៀតថាក្នុងការឆ្លាក់ចម្លាក់មួយៗ យ៉ាងហោចណាស់ក៏ចំណាយពេលចាប់ពីពេល២ខែឡើងទៅ អាស្រ័យលើប្រភេទដោយលោក ត្រូវធ្វើចម្លាក់ទាំងនោះ ដោយដៃមនុស្សផ្ទាល់ គ្មានម៉ាស៊ីននោះទេពោលគឺប្រើប្រាស់កម្លាំងពលកម្មមនុស្សសុទ្ធសាធ។ ទោះជាយ៉ាងណា សព្វថ្ងៃនេះ លោកថាក៏មិនសូវមានអ្នកពូកែឆ្លាក់អង្គរបូរាណ ដោយបន្ថែមថា ក្បាច់អង្គរជាក្បាច់មួយដែលពិបាកក្នុងឆ្លាក់ហើយថែមទាំងចំណាយពេលយូរទៀតផង ហើយត្រូវធ្វើដោយចិត្តផ្ចិតផ្ចង់។ គួរបញ្ជាក់ថា លោកពូជា យុទ្ធា ក៏បានរួមចំណែកលើកតម្កើងតម្លៃប្រាសាទអង្គរ តាមរយៈទឹកដៃឆ្លាក់ប្រកបដោយភាពច្នៃប្រឌិតល្អប្រណិតតែម្តង។
ក្នុងនោះ លោកពូបន្តថាលោកធ្វើការឆ្លាក់តាមការកម្ម៉ង់របស់ភ្ញៀវ សឹងតែមិនទាន់ ហើយរកពេលដកឃ្លាសឹងតែមិនដោយលោកត្រូវធ្វើការទាំងថ្ងៃសៅរិ៍ អាទិត្យ។ លោបានបង្ហើបថាក្បាច់ដែលោកពូឆ្លាក់ភាគច្រើន គឺចម្លាក់ក្បាច់រូបអង្គរហើយ ហើយក៏ជាក្បាច់ដែលភ្ញៀវភាគច្រើនកម្ម៉ង់ចង់បានផងដែរ។មិនត្រឹមតែរកចំណូលពីរបរជាជាងចម្លាក់នោះទេ លោកពូ ជា យុទ្ធា ក៏បានរួមចំណែកក្នុងការលើកកម្ពស់តម្លៃប្រាសាទអង្គរបុរាណរបស់ខ្មែរយើងតាមរយៈទឹកដៃឆ្លាក់ប្រកបដោយចិត្តផ្ចិតផ្ចង់ និងភាពអំណត់អត់ធ្មត់។
ថ្វីបើប្រទេសជាច្រើននៅក្នុងពិភពលោកនិងប្រទេសកម្ពុជាផងដែរ ដែលរងផលប៉ះពាល់ពីជំងឺកូវីដ១៩ លោកពូមានប្រសាសន៍ប្រាប់ថា នៅតែមានភ្ញៀវជាច្រើនទាក់ទងមកកម្ម៉ង់ចម្លាក់ពីលោកគ្រូតាមរយៈទូរស័ព្ទ និងវិធីទំនាក់ទំនងផ្សេងៗទៀតផង ដូចជា ភ្ញៀវមកប្រទេសក្រៅ ដូចជា អាមេរិកអូស្ត្រាលី ថៃ និងប្រទេសផ្សេងទៀតផងដែរ។ លោកបន្តទៀតថា ប្រសិនជាបើគ្មានកូវីដ១៩លោកប្រហែលជាធ្វើមិនទាន់តាមការកម្ម៉ង់របស់ភ្ញៀវនោះឡើយ ជាក់ស្តែង ក្នុងអំឡុងសម័យកូវីដ១៩នេះលោកពូ នៅតែទទួលបានភ្ញៀវទាក់ទងកម្ម៉ង់មកធ្វើចម្លាក់ សឹងតែរកពេលធ្វើជូនភ្ញៀវមិនទាន់ទៀតផង។ណាមួយ លោកពូ មិនធ្វើឱ្យភ្ញៀវខកចិត្តនោះទេ ដោយលោកតែងធ្វើចម្លាក់ដែលភ្ញៀវកម៉្មង់ ទាន់ពេលវេលាកំណត់។
បន្ថែមពីនេះ និយាយពីការបង្រៀនដល់កូនសិស្សពីមុន លោកគ្រូ ក៏បានទទួលបង្រៀនសិស្សពីចម្លាក់នេះផងដែរ ភាគច្រើនជានារី តែដោយសារតែមួយចំនួនក៏បានបោះបង់ចោលការរៀនកណ្តាលទី ដោយសារតែតម្រូវការពេលវេលាយូរផង និងណាមួយពួកគាត់ឈប់រៀនទៅធ្វើការរោងចក្រជាដើម។
ឆ្លើយតបនឹងសំនួរថា តើការរៀនចម្លាក់នេះត្រូវការដុងសមត្ថភាពអ្វីដែរឬទេ លោកពូបានគូសបញ្ជាក់ថា គឺសិស្សដែលចង់រៀនពីចម្លាក់នេះចេះត្រូវមានចំណង់ និងភាពអត់ធន់ជាធំ។ តែយ៉ាងណា សព្វថ្ងៃនេះ លោកពូ ជា យុទ្ធា ក៏បានផ្តល់ចំណេះជំនាញបង្រៀនចែកចាយផ្នែកចម្លាក់នេះបន្តដល់កូនចៅសាច់ញាតិរបស់លោកផងដែរ។ ជាចុងក្រោយ លោកពូ ជា យុទ្ធា បានផ្តាំផ្ញើបងប្អូនកូនខ្មែរទាំងអស់ឱ្យជួយអភិរក្សរៀនសូត្របន្ថែមនូវក្បាច់ចម្លាក់បុរាណឱ្យបានច្រើន និងបង្ហាត់កូនចៅបន្តដើម្បីកុំឱ្យបាត់បង់។
ប្រសិនបើបងប្អូន មានចំណាប់អារម្មណ៍ចង់ជាវនូវចម្លាក់របស់លោកពូ ជា យុទ្ធា អាចធ្វើការទំនាក់ទំនងតាមរយៈ ហ្វេសប៊ុកផេក ឈ្មោះថា Ramo ជាងចម្លាក់៕
ខ្មែរឡូតសូមរក្សាសិទ្ធិ