ភ្នំពេញ៖ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី០១ ខែវិច្ឆិកាឆ្នាំ២០២១នេះ បានបញ្ជាក់ឱ្យដឹងថា រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៩-៣១ ខែតុលា ឆ្នាំ២០២១នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរសរុបចំនួន ១៩៣,៤១៧ នាក់ កើនឡើង ៣៨.២៨% ធៀបនឹងចុងសប្តាហ៍ទី៣នៃខែតុលា។
ក្នុងចំណោមភ្ញៀវទេសចរសរុបទាំងនោះមានភ្ញៀវជាតិ ១៨៨,៤៧២ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៤,៩៤៥ នាក់។ចំនួនភ្ញៀវទេសចរបរទេសផ្ទៃក្នុងនៅចុងសប្ដាហ៍ទី៤នៃខែតុលានេះគឺមានការកើនឡើងគួរឱ្យកត់សម្គាល់។
ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានបន្តថា រយៈពេលពេញមួយខែតុលា ឆ្នាំ២០២១ភ្ញៀវសរុបដែលបានចេញដើរកម្សាន្តមានចំនួន ១,៤៨៣,០៩៩ នាក់ កើនឡើង ៤០៣.១៦%ពោលគឺកើនឡើងប្រមាណ៤ដង ធៀបនឹងខែកញ្ញាកន្លងមក។
គោលដៅទេសចរណ៍សំខាន់ៗក្នុងខែតុលា រួមមាន ខេត្តកំពត៖ ២៣០,០៤៦ នាក់, ខេត្តព្រះសីហនុ៖ ១៩៨,៩៦៥ នាក់, ខេត្តកែប៖ ១៤៨,២១៣ នាក់, រាជធានីភ្នំពេញ៖ ១២២,៣១៥ នាក់, ខេត្តពោធិ៍សាត់៖ ១០៨,១៤០ នាក់, ខេត្តសៀមរាប៖ ៨៣,៣៩៤ នាក់, ខេត្តបាត់ដំបង៖ ៧៤,៣៧១ នាក់, ខេត្តកំពង់ចាម៖ ៧២,១២៩ នាក់។
ចំនួនទេសចរណ៍ផ្ទៃក្នុងដែលមានចំនួនច្រើនក្នុងខែតុលានេះគឺបានមកអាស្រ័យដោយរាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យរមណីយដ្ឋាននិងគោលដៅទេសចរណ៍ទូទាំងប្រទេសបើកដំណើរការឡើងវិញតាមគន្លងប្រក្រតីភាពថ្មីខណៈដែលវិធានការរដ្ឋបាលដោយឡែករបស់រាជធានី-ខេត្ត ពាក់ព័ន្ធនឹងការផ្អាកដំណើរការរមណីយដ្ឋាននិងគោលដៅទេសចរណ៍នានាក៏ត្រូវបានបិទបញ្ចប់ ស្របពេលដែលខែតុលានេះមានថ្ងៃឈប់សម្រាកច្រើនពិសេសពិធីបុណ្យភ្ជុំបិណ្ឌ៕