រាជធានីភ្នំពេញ៖កាលពីព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងសារពិសេស ទាក់ទងស្ថានការណ៍នៃជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជា។
ក្នុងនោះដែរវីដេអូឡាយផ្ទាល់នៅផេកហ្វេសប៊ុករបស់សម្តេច លោក បានមានប្រសាសន៍ថា ពេទ្យយើងទ្រទ្រង់លែងជាប់ហើយគ្រាន់តែ២ថ្ងៃ មានអ្នកជំងឺជាង១ ពាន់អ្នក លើសពីមន្ទីរពេទ្យហ្លួងម៉ែ សណ្ឋាគារ TheGreat Dukes និងមន្ទីរពេទ្យនានា ដែលពោរពេញទៅដោយអ្នកជំងឺ។
សម្តេចបានសុំទៅឧកញ៉ាពុង ខៀវសែ យកសាលពិពណ៍កោះពេជ្រធ្វើជាទីតាំងនៃកន្លែងទទួលព្យាបាលអ្នកជំងឺកម្រិតស្រាល។ ជាមួយគ្នានោះដែរ ក្រៅពីសាលពិពណ៍ លោកឧកញ៉ាថែមទាំងអោយអគាររៀបការទាំងអស់ដើម្បីរៀបចំដាក់អ្នកជំងឺកម្រិតស្រាល។ សម្តេចតេជោក៏បានបញ្ជាឱ្យកូនប្រុស និងកូនប្រសារទៅរៀបចំទីតាំងនោះសម្រាក់ដាក់អ្នកជំងឺកម្រិតស្រាល រីឯអ្នកជំងឺធ្ងន់ធ្ងរត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។
គួរបញ្ជាក់ឡើងវិញដែរថា នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសដាក់ចេញវិធានការជួយដល់ គ្រួសារដែលស្លាប់, ឆ្លង និងរងផលប៉ះពាល់ដោយកូវីដ១៩ ដោយមានការឧបត្ថម្ភ និងជួយចេញថ្លៃទឹក ថ្លៃភ្លើងជាដើម ក្នុងនោះ ចំពោះប្រជាពលរដ្ឋដែលស្លាប់ ឆ្លង និងប៉ះពាល់ដោយជំងឺកូវីដ១៩ ទទួលបានជំនួយពីរាជរដ្ឋាភិបាល ដូចជា៖
១-ចំពោះគ្រួសារដែលមានសមាជិកស្លាប់ដោយសារជំងឺកូវីដ១៩ រដ្ឋនឹងជួយបង់ជំនួសនូវការប្រើប្រាស់ទឹកស្អាត និងថ្លៃអគ្គិសនីអប្បបរមារយៈពេល៥ខែបន្ថែមលើការអន្តរាគមន៍ជួយដែលដាក់ចេញកន្លងមក
២-ចំពោះផ្ទះណាដែលសមាជិកដែលឆ្លងកូវីដ១៩ ប៉ុន្តែអត់មានមនុស្សស្លាប់ រដ្ឋនឹងជួយចេញថ្លៃទឹកថ្លៃភ្លើង អប្បបរមា រយៈពេល៣ខែ ដោយរាប់ចាប់តាំងពីជននោះឆ្លងជំងឺកូវីដ១៩។
៣-គ្រួសារដែលធ្វើចត្តាឡីស័ក នៅតំបន់បិទខ្ទប់ រដ្ឋនឹងជួយ៣០ម៉ឺនរៀល ក្នុង១គ្រួសារ និងជួយបង់ទឹកភ្លើងក្នុងកម្រិតសមរម្យមួយរយៈពេល២ខែ។
៤-អ្នកដែលប៉ះពាល់នៅតំបន់បិទខ្ទប់ រដ្ឋនឹងជួយ៣០ម៉ឺនក្នុង១គ្រួសារ ហើយជួយបង់ថ្លៃទឹកភ្លើងចំនួន២ខែ
៥-ផ្តល់អង្ករដល់គ្រួសារដែលប៉ះពាល់ នៅតំបន់បិទខ្ទប់នូវអង្ករ២៥គីឡូ មីមួយកេសតូច ត្រីខ ២០កំប៉ុងផងដែរ៕