កោះកុង៖ នាពេលថ្មីៗនេះ ព្រលានយន្តហោះអន្តរជាតិតារាសារគរនឹងត្រៀមបើកការទទួលជើងហោះហើរសាកល្បងនៅដើមខែមករា ឆ្នាំ២០២២ នឹងអាចបើកជាលក្ខណៈផ្លូវការនៅពាក់កណ្តាលឆ្នាំ២០២២។
ដោយឡែក ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថោង ខុន បានជំរុញក្រុមហ៊ុនវិស្សមកាលតារាសាគរ ពន្លឿននូវការសាងសង់ព្រលានយន្តហោះអន្តរជាតិតារាសារគរនេះ ឱ្យបានឆាប់រហ័ស ដើម្បីឈានទៅបើកជើងហោះហើរក្នុងស្រុក ក្នុងតំបន់ និងអន្តរជាតិ ពិសេសតភ្ជាប់ពីខេត្តសៀមរាបអង្គរ ដែលនឹងចាប់ផ្តើមដំណើរការ នៅក្នុងខែមករា ឆ្នាំ២០២១ខាងមុខនេះ។
ជាការឆ្លើយតបនៅក្នុងកិច្ចប្រជុំ ត្រៀមទទួលទេសចរណ៍វ៉ាក់សាំងកាលពីល្ងាចថ្ងៃទី៣០តុលា២០២១ តំណាងក្រុមហ៊ុនសាងសង់ ក៏បានប្តេជ្ញាខិតខំធ្វើឱ្យបានឆាប់រួចរាល់ ដើម្បីត្រៀមទទួលភ្ញៀវទេសចរ ខណៈបច្ចុប្បន្ននេះបានសាងសង់ជិតរួចរាល់ហើយ នៅតែហេដ្ឋារចនាសម្ព័ន្ធមួយចំនួនក្នុងអគារអ្នកដំណើរតែប៉ុណ្ណោះ។
ព្រលានយន្តហោះនេះនឹងត្រៀមបើកការទទួលជើងហោះហើរសាកល្បងនៅដើមខែមករា ឆ្នាំ២០២២ខាងមុខនេះ នឹងអាចបើកជាផ្លូវការនៅពាក់កណ្តាលឆ្នាំ២០២២ ក្នុងនោះអគារនេះអាចមានលទ្ធភាពទទួលអ្នកដំណើរចេញ ចូល និងឆ្លងកាត់ ជិត១លាននាក់ក្នុងមួយឆ្នាំផងដែរ។
ទាក់ទងនឹងតំបន់វិស្សមកាលតារាសាគរវិញ តំណាងក្រុមហ៊ុន ក៏បានសន្យាខិតខំពង្រីកសេវាកម្មក្នុងតំបន់របស់ខ្លួនឱ្យកាន់តែសំបូរបែប ជាមួយនឹងតម្លៃសមរម្យ ដែលអាចផ្តល់ភាពងាយស្រួលទាំងភ្ញៀវជាតិ និងអន្តរជាតិមកសម្សាន្ត ស្របជាមួយនឹងទីតាំងដែលមានផាសុខភាពសម្រាប់ភ្ញៀវផងដែរ។
ជាមួយនោះតំណាងក្រុមហ៊ុន ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានខិតខំទប់ស្កាត់កូវីដ១៩ និងបានជ្រើសរើសតំបន់តារាសាគរជាតំបន់បើកទេសចរណ៍វ៉ាក់សាំង។
ក្រុមហ៊ុនក៏បានប្ដេជ្ញាអនុវត្តគោលនយោបាយណែនាំ វិធានសុខាភិបាល និងវិធានទេសចរណ៍ ឱ្យក្លាយជាតំបន់ទេសចរណ៍វ៉ាក់សាំងដែលមានសុវត្ថិភាពដើម្បីផ្ដល់ទំនុកចិត្តដល់អ្នកទេសចរផងដែរ។
ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ក៏បានប្រគល់ម៉ាស់ចំនួន ៥ម៉ឺន ដែលជាជំនួសរបស់ក្រុមហ៊ុន Wonderpass Technology ដល់ក្រុមហ៊ុនវិស្សមកាល តារាសាគរ ដើម្បីប្រើប្រាស់ ស្របពេលត្រៀមទទួលទេសចរវ៉ាក់សាំងនាពេលខាងមុខនេះ៕
សូមចូលទស្សនារូបភាពខាងក្រោម៖