ព្រះសីហនុ៖ នៅថ្ងៃទី១៣ខែកញ្ញា ឆ្នាំ២០២១ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកស្រីប្រធានមន្ទីរអបរំ យុវជន និងកីឡាខេត្ត លោកស្រីប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុនិងប្រធានមន្ទីរអង្គភាពដែលមានការពាក់ព័ន្ធ អញ្ជើញត្រួតពិនិត្យការអនុវត្តនីតិវិធីស្តង់ដារប្រតិបត្តិ(SOP) ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩នៅសាលាអនុ-វិទ្យាល័យ ហ៊ុន សែន មិត្តភាព ក្រុងព្រះសីហនុ ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុដែលត្រូវបើកឱ្យដំណើរការសាកល្បងសាលាឡើងវិញ។
យោងតាមសេចក្តីណែនាំរបស់ក្រសួង អប់រំយុវជន និងកីឡា ស្តីពីការបង្រៀន និងរៀនតាមបណ្តុំសម្រាប់គ្រឹះស្ថានសិក្សាសាធារណៈនិងឯកជននៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ដែលមានហានិភ័យទាបដើម្បីបើកសាលាសាកល្បងឡើងវិញ រដ្ឋបាលខេត្តព្រះសីហនុបានជ្រើសរើសយកសាលាដែលមានសុវត្ថិភាព និងរៀបចំសណ្តាប់ធ្នាប់បានល្អ ធ្វើការបើកដំណើរការសាកល្បងបង្រៀន និងរៀនឡើងវិញដោយផ្តោតសំខាន់លើថ្នាក់ទី៩ និងថ្នាក់ទី១២ ចំនួន៥សាលានៅតាមក្រុង ស្រុកទាំង៥ នៃខេត្តព្រះសីហនុ មានដូចជា៖ អនុ-វិទ្យាល័យ ហ៊ុន សែនមិត្តភាព ក្រុងព្រះសីហនុ, អនុវិទ្យាល័យ ព្រែកស្វាយក្រុងកោះរ៉ុង, វិទ្យាល័យ កែវផុស ស្រុកស្ទឹងហាវ, អនុវិទ្យាល័យ ទួលកែវ ស្រុកព្រៃនប់, អនុវិទ្យាល័យ ស្ទឹងសំរោង ស្រុកកំពង់ សីលា។
ចំពោះការបើកសាលាសាកល្បងឡើងវិញនៅសាលាអនុ-វិទ្យាល័យហ៊ុន សែន មិត្តភាព ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ នាព្រឹកនេះមានចំនួន ២២ថ្នាក់មានលោកគ្រូ អ្នកគ្រូសរុបចំនួន ៥៣នាក់ ស្រី ២២នាក់ សិស្សថ្នាក់ទី១២ សរុប ១៩៥នាក់ស្រី ១០៤នាក់។ សិស្សថ្នាក់ទី៩ មាន ២៤៨នាក់ ស្រី ១១៤នាក់ ។ មុនចូលរៀន និងបង្រៀន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ត្រូវយកសំណាកតេស្តរកមេរោគកូវីដ-១៩ ជាមុនសិន។
លោក ម៉ាង ស៊ីណេតអភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍ណែនាំដល់លោកនាយកសាលាអនុ-វិទ្យាល័យ ហ៊ុន សែនមិត្តភាព ត្រូវមានម៉ាស៊ីនវាស់កម្តៅ អាល់កុល ឬជែល កន្លែងលាងសម្អាតដៃនៅមុខថ្នាក់រៀននីមួយៗរក្សាគម្លាតសុវត្ថិភាព នៅពេលចេញលេងមិនត្រូវឱ្យសិស្សចេញពេលស្របគ្នានោះទេដើម្បីធានាដល់ការកាត់បន្ថយហានិភ័យនៃការចម្លងជំងឺកូវីដ-១៩៕