សៀមរាប៖ ក្រសួងសាធារណការនិងដឹកជញ្ជូន នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ បានសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី(EV ChargingStation) ដែលមានទីតាំងឋិតនៅភូមិបឹងដូនប៉ាសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
ថ្លែងក្នុងឳកាសអញ្ជើញជាអធិបតីភាពក្នុងអង្គពិធីនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា ការប្រើប្រាស់រថយន្តអគ្គិសនីមានគុណសម្បត្តិល្អច្រើនជាងរថយន្តប្រើប្រេងឥន្ធនៈដោយពន្ធនាំចូលលើរថយន្តអគ្គិសនីនេះមានតម្លៃទាបជាងពន្ធនាំចូលនៃរថយន្តប្រើប្រេងឥន្ធនៈម្យ៉ាងវិញទៀតការប្រើប្រាស់រថយន្តអគ្គិសនីចំណេញថាមពលច្រើនជាងរថយន្តប្រើប្រេងឥន្ធនៈដល់ទៅ៣ដងចំណែកការជួសជុលថែទាំមានការចំណាយតិចដោយសារគ្រឿងបន្លាស់រថយន្តអគ្គិសនីមានចំនួនតិចជាពិសេសជាងនេះទៀត ការប្រើប្រាស់រថយន្តអគ្គិសនីមិនបំភាយឧស្ម័នពុលទៅក្នុងបរិយាកាសនិងមានសំឡេងស្ងាត់ល្អផងដែរ។
ឆ្លៀតក្នុងឱកាសនោះឯកឧត្តមទេសរដ្ឋមន្ត្រីបានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋគ្រប់រូបចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួនដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ មិនត្រូវដឹកទំនិញលើសទម្ងន់កំណត់ដោយច្បាប់និងបានសង្កត់ធ្ងន់ថា៖ ក្នុងករណីមិនគោរពតាមការណែនាំ ក្រសួងនឹងចាត់វិធានការតឹងរ៉ឹងដោយគ្មានការលើកលែងចំពោះយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ទាំងនោះ សំដៅទប់ស្កាត់និងថែទាំផ្លូវកុំឱ្យឆាប់ខូចមុនអាយុកាល។
ឯកឧត្តមទេសរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិដែលបានផ្ដល់ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីទីបីនៅខេត្តសៀមរាប និងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីទី៤ នៅខេត្តបាត់ដំបងហើយសង្ឃឹមជឿជាក់ថា វិស័យឯកជនក៏ដូចជាដៃគូអភិវឌ្ឍន៍ផ្សេងទៀត នឹងផ្ដល់ស្ថានីយបញ្ចូលថាមពលអគ្គិសនីយានយន្តបន្ថែមទៀតដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋអាចទិញរថយន្តអគ្គិសនីឱ្យបានច្រើននិងប្រើប្រាស់បានទូលំទូលាយផងដែរ៕