បរទេស៖ ជំងឺអុតស្វាច្រើនជាង១,០០០ករណីហើយត្រូវបានរាយការណ៍ទៅអង្គការសុខភាពពិភពលោក ក្នុងការផ្ទុះឡើងនាពេលបច្ចុប្បន្ននេះ នៅខាងក្រៅបណ្តាប្រទេសក្នុងទ្វីបអាហ្រ្វិក។ នេះបើតាមប្រភពព័ត៌មាន Reuters។
អគ្គនាយកអង្គការWHO លោក Tedros Adhanom Ghebreyesus បាននិយាយថា ហានិភ័យនៃជំងឺអុតស្វាគឺមានពិតប្រាកដ ប៉ុន្តែយើងអាចការពារបាននៅចំណុចនេះ។ ប្រទេសចំនួន២៩ បានរាយការណ៍ករណីឆ្លងជំងឺអុតស្វា ដែលចាប់ផ្តើមកាលពីខែឧសភា។យ៉ាងណាមិញ មិនទាន់មានប្រទេសណាមួយ រាយការណ៍អំពីការស្លាប់ទេនោះទេ។
នៅឯសន្និសីទសារព័ត៌មាននៅទីក្រុងហ្សឺណែវលោក Tedros ក៏បានលើកឡើងផងដែរថា មានករណីសង្ស័យជំងឺអុតស្វាច្រើនជាង១,៤០០ករណី នៅឆ្នាំនេះក្នុងទ្វីបអាហ្រ្វិក ដោយក្នុងនោះមានអ្នកស្លាប់ចំនួន ៦៦នាក់។
ការផ្ទុះឡើងនេះកំពុងបង្ហាញសញ្ញានៃការឆ្លងក្នុងសហគមន៍នៅប្រទេសមួយចំនួន។ WHO ក៏ណែនាំអ្នកដែលកើតជំងឺអុតស្វាត្រូវនៅដាច់ដោយឡែកពីគេ។ ជាមួយគ្នានេះ ទីភ្នាក់ងារអង្គការសហប្រជាជាតិ កំពុងធ្វើការជាមួយអង្គការនានារួមមាន UN AIDS និងក្រុមសហគមន៍ ដើម្បីលើកកម្ពស់ការយល់ដឹងនិងបញ្ឈប់ការកម្លងជំងឺនេះ៕