ខេត្តបន្ទាយមានជ័យ: យោងតាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមជម្រាបជូនដំណឹងដល់សាធារណជនឲ្យបានជ្រាបថា នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ២០:៤៥ នាទីយប់ មានករណីឈ្មោះ ម៉ៅ សំអូន ភេទ ប្រុស អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានទទួលមរណភាព ដោយពាក់ព័ន្ធករណីបុរសខាងលើ ក្រុមគ្រូពេទ្យបានយកវត្ថុសំណាកវិភាគរកវីរុសកូវីដ-១៩ ដោយតេស្ដរហ័ស (Rapid Test) លទ្ធផល វិជ្ជមានកូវីដ-១៩ និងបានបញ្ជូនទៅមណ្ឌលព្យាបាល ហ្គែនដាយមិនស៊ីធី។
ដោយសារតែអ្នកជំងឺមានសុខភាពខ្សោយ អស់កម្លាំង និងមានប្រវត្តិ លើសសម្ពាធឈាមរ៉ាំរ៉ៃ និងលើសទម្ងន់ ហើយត្រូវបានក្រុមគ្រូពេទ្យផ្ដល់សេវាពិនិត្យព្យាបាល និងការតាមដានសុខភាពប្រចាំថ្ងៃ តាមលក្ខណៈ បច្ចេកទេសជាបន្តបន្ទាប់ ដោយយកចិត្តទុកដាក់រហូតដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១៩៤០នាទី អ្នកជំងឺចាប់ផ្តើមមានអាការៈ ហត់ខ្លាំង និងពិបាកដកដង្ហើមមួយរំពេច និងត្រូវបានក្រុមគ្រូពេទ្យ ធ្វើការជួយសង្គ្រោះផ្លូវដង្ហើម និងផ្ដល់ឱសថ ព្រមទាំងបញ្ជូនមកធ្វើការជួយសង្គ្រោះបន្ត នៅមន្ទីរពេទ្យបង្អែក ប៉ោយប៉ែត ។ អ្នកជំងឺបញ្ជូនមកដល់មន្ទីរពេទ្យបង្អែកប៉ោយប៉ែត នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ២០:១០នាទី ដោយមានអាការៈ ធ្ងន់ធ្ងរ ហត់ខ្លាំង បបូរមាត់ឡើងស្វាយ ចង្វាក់បេះដូងខ្សោយ ប្រស្រីភ្នែក រីកធំ សន្លប់ស្តូកស្តឹង ហើយក្រុមគ្រូពេទ្យបានប្រឹងប្រែងធ្វើការជួយសង្គ្រោះដោយធ្វើចលនាបេះដូង (Massage Cardiaque externe) និងផ្លូវដង្ហើមដោយឧបករណ៍ជំនួយដង្ហើម (Ventilation) ព្រមទាំងឱសថអស់ពី សមត្ថភាព និងលទ្ធភាព យ៉ាងយកចិត្តទុកដាក់ តែក៏នៅមិនអាចជួយសង្គ្រោះអាយុជីវិតអ្នកជំងឺបាន ហើយគាត់បានទទួលមរណភាពនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ ២០២១ វេលាម៉ោង ២០:៤៥ នាទីយប់ កាលពីពេលកន្លងទៅនេះ៕
ចង់ជ្រាបព័ត៌មានឲ្យកាន់តែលម្អិតទៅលើករណីស្លាប់ខាងលើនេះ សូមអានសេចក្តីប្រកាសព័ត៌មានដែលមានភ្ជាប់ជូននៅផ្នែកខាងក្រោមនេះ ទាំងអស់គ្នា៖