កុំច្រឡំថាសត្វកណ្តុរ! ក្តាន់ញ៉ែង បង្ហាញវត្តមាននៅក្នុងតំបន់ការពារធម្មជាតិនានា ក្នុងប្រទេសកម្ពុជា - TrueID

កុំច្រឡំថាសត្វកណ្តុរ! ក្តាន់ញ៉ែង បង្ហាញវត្តមាននៅក្នុងតំបន់ការពារធម្មជាតិនានា ក្នុងប្រទេសកម្ពុជា

December 19, 2022

កម្ពុជា៖ ក្តាន់ញ៉ែងតូចឬផ្ចងតូចដែលជាថនិកសត្វដែលមានមាឌតូចជាងគេក្នុងត្រកូលសត្វក្រចកជំពាម និងគ្មានស្នែង (ទម្ងន់ខ្លួនប្រមាណ ២គីឡូក្រាម) ត្រូវបានចុះក្នុងបញ្ជីក្រហម IUCN ថាជាប្រភេទអាស្រ័យលើកិច្ចអភិរក្សនៅតាមតំបន់ជាក់លាក់ដែលវារស់នៅ។ នៅក្នុងប្រទេសកម្ពុជា សត្វក្តាន់ញ៉ែងមានវត្តមានរស់នៅស្ទើរគ្រប់តំបន់ការពារធម្មជាតិ វាមានវត្តមាននៅតាមវាលស្មៅផងដែរនៅតំបន់ឥណ្ឌូចិន និងកោះបរណេអូ។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង ជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា យោងតាមទិន្នន័យដែលទទួលបានពីម៉ាស៊ីថតស្វ័យប្រវត្តិរបស់ក្រុមការងារក្រសួងបរិស្ថាននាពេលថ្មីៗនេះ ក្តាន់ញ៉ែងបានបង្ហាញវត្តមាននៅក្នុងតំបន់ការពារធម្មជាតិនានាក្នុងប្រទេសកម្ពុជា។ ក្តាន់ញ៉ែងស្ថិតនៅក្នុងក្រុមសត្វមានដោយបង្គួរ ហើយសត្វប្រភេទនេះងាយរងគ្រោះថ្នាក់ ដោយសារតែការបរបាញ់ ឬការបណ្តើរសត្វឆ្កែទាក់ចាប់ដើម្បីយកសាច់ធ្វើជាអាហារ និងគ្រោះថ្នាក់ដោយសារសត្វព្រៃស៊ីសាច់ជាអាហារ។

ក្តាន់ញ៉ែងតូចជាសត្វចូលចិត្តរស់នៅតែឯង និងជាគូនៅរដូវបន្តពូជ។ វាជាសត្វរាត្រីចរ។ ក្តាន់ញ៉ែងតូចជាចំណីរបស់សត្វត្រកូលខ្លាមានដូចជាខ្លាពពក ខ្លាលឿងមាស ខ្លាភ្ញីថ្មកែវជាដើម។ យោងតាមការសិក្សាមួយដឹកនាំដោយលោក Thomas E. Gray ដែលបានបោះពុម្ពផ្សាយនៅឆ្នាំ២០១៨ ស្តីពីការគណនាដង់ស៊ីតេរបស់សត្វក្តាន់ញ៉ែងតូចនៅក្នុងឧទ្យានជាតិក្រវ៉ាញខាងត្បូងបានបង្ហាញថា ដង់ស៊ីតេរបស់វាមានជាមធ្យម ៨១ក្បាល (ចន្លោះពី ៥៧-៩៨) ក្នុងមួយគីឡូម៉ែតក្រឡា។ ក្តាន់ញ៉ែងធ្វើសកម្មភាពច្រើននៅចន្លោះពីម៉ោង ៥-៨ព្រឹក និងចន្លោះពីម៉ោង ៥-៧ល្ងាច។ នៅលើដងខ្លួនពាសទៅដោយរោមពណ៌ត្នោត និងមានឆ្នូតស ៣ជួរនៅក្រោមក។ ជើងមានទំហំធំជាងម្រាមដៃមនុស្សពេញវ័យបន្តិច និងមានជើងក្រោយវែងជាងជើងមុខ។ ផ្នែកខាងក្រោមនៃដងខ្លួនមានពណ៌ស ឬព្រលែត។

ជម្រកដ៏ល្អប្រសើរនៃសត្វនេះគឺចូលចិត្តរស់នៅតាមរន្ធឈើ ក្រហែងថ្ម វាអាចរស់នៅតាមព្រៃឈើញឹក ចង្អៀត ឬព្រៃឫស្សីដែលត្រជាក់ហើយងងឹត។ វាជាសត្វរាត្រីចរ ចំណីអាហាររបស់វាគឺពន្លករុក្ខជាតិ ត្រួយ ស្លឹកឈើ ផ្កា ផ្លែឈើ និងទំពាំងឫស្សី។ ជាធម្មតា សត្វនេះធ្វើចលនាលោតត្រឹកៗ ផ្លោះយ៉ាងរហ័សនៅពេលមានអាសន្ន តែក្រោយពីរត់បានបន្តិច តែងតែឈប់ញឹកញាប់ ហើយពិនិត្យមើលស្ថានភាពជុំវិញខ្លួនវា។ ក្នុងការទាក់ទងគ្នា ក្តាន់ញ៉ែងតូចតែងគោះជើងក្រោយលើដី ឬអង្គត់ឈើយ៉ាងរហ័សជាសញ្ញាសម្គាល់។ សត្វនេះមានសមត្ថភាពខ្ពស់ក្នុងការបង្កើតកូន ក្រោយពីបានពពោះរយៈពេល ១៥០-១៧០ថ្ងៃ បង្កើតកូនបានមួយ ជួនកាលអាចភ្លោះតែមានដោយកម្រ។

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...