ស៊ីប៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Nicos Nouris បាននិយាយកាលពីថ្ងៃអាទិត្យថាយ៉ាងហោចណាស់មានមនុស្ស៤នាក់បានស្លាប់ នៅក្នុងប្រទេសស៊ីបដោយសារបញ្ហាភ្លើងឆេះព្រៃនៅក្នុងប្រទេស។ក្រសួងការបរទេសប្រទេសស៊ីបបានបង្ហោះនៅលើបណ្ដាញសង្គម Twitter នៅថ្ងៃអាទិត្យថាជនរងគ្រោះចំនួន៤នាក់ដោយសារអគ្គិភ័យ ត្រូវបានគេដឹងថាជាជនជាតិអេហ្ស៊ីប។
អគ្គិភ័យបានឆាបឆេះកាលពីថ្ងៃសៅរ៍នៅក្បែរភូមិ Arakapas នៅតាមកូនភ្នំនៃជួរភ្នំ Troodos ដែលជាតំបន់ព្រៃស្រល់និងវាល។ប្រទេសស៊ីបក៏បានជួបប្រទះរលកកម្ដៅ ជាមួយសីតុណ្ហភាពលើសពី៤០អង្សាសេ។
អគ្គិភ័យដ៏ធំបានបង្ខំឲ្យមានការជម្លៀងចេញពីភូមិជាច្រើននេះបើយោងតាមសេវាកម្មអគ្គិភ័យប្រទេសស៊ីប។ សេវាកម្មនេះបាននិយាយថាទ្រព្យសម្បត្តិជាច្រើនត្រូវបានបំផ្លិចបំផ្លាញ។ យោងតាមប៉ូលិសប្រទេសស៊ីបបានឲ្យដឹងថាមនុស្សម្នាក់ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងអគ្គិភ័យនេះប៉ុន្តែអាជ្ញាធរមិនទាន់បានប្រកាសពីមូលហេតុ ដែលបណ្ដាលឲ្យមានអគ្គិភ័យនេះទេ។
ជំនួយពីប្រទេសក្រិកនិងអ៊ីស្រាអែលត្រូវបានគេរំពឹងថា នឹងមកដល់នៅថ្ងៃអាទិត្យនេះបើយោងតាមលោកប្រធានាធិបតី Nicos Anastasiades។ ប្រតិបត្តិការការពារជនស៊ីវិលនិងជំនួយមនុស្សធម៌របស់សហភាពអឺរ៉ុបបានប្រកាសនៅលើបណ្ដាញសង្គម Twitter មួយកាលពីថ្ងៃអាទិត្យថាប្រទេសអ៊ីតាលីនិងប្រទេសក្រិកកំពុងបញ្ជូនយន្តហោះពន្លត់អគ្គិភ័យដើម្បីជួយដល់អាជ្ញាធរប្រទេសស៊ីប៕
ប្រភព: CNN