ព្រះសីហនុ៖ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុនចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានដឹកក្រុមការងារបច្ចេកទេសពាក់ព័ន្ធរបស់ក្រសួង អញ្ជើញចុះពិនិត្យគម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវលេខ១៤៦បេ(វិថីសម្ដេចសង្ឃរាជទេពវង្ស) និងផ្លូវលេខ១៤៨ដោយមានការអញ្ជើញចូលរួមពីក្រុមការងារបច្ចេកទេសមន្ទីរសាធារណការ និងដឹកជញ្ជូនតំណាងក្រុមហ៊ុនសាងសង់ និងទីប្រឹក្សាបច្ចេកទេស។
ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណងពិនិត្យវឌ្ឍនភាពការងារសាងសង់ក៏ដូចជាដើម្បីផ្ទៀងផ្ទាត់គុណភាពក្រោយបញ្ចប់ការសាងសង់ជាស្ថាពរថាតើក្រុមហ៊ុនបានអនុវត្តត្រឹមត្រូវតាមកិច្ចសន្យានិងស្តង់ដារបច្ចេកទេសរបស់ក្រសួងដែលបានព្រមព្រៀងដែរយ៉ាងណា។
យោងតាមលទ្ធផលនៃការធ្វើតេស្ត ផ្លូវនេះសាងសង់បានល្អ មានគុណភាពរឹងមាំដោយហេតុថាមានការធ្វើតេស្តសាកល្បងចំនួន៤១៤កន្លែង ក្នុងនោះមានតែពីរកន្លែងប៉ុណ្ណោះមានគុណភាពក្រោមកម្រិតបច្ចេកទេសបន្តិច ប៉ុន្តែអាចទទួលយកបាន។ ហើយចំពោះកំណាត់ផ្លូវក្រាលAC វិញកម្រិតនៃភាពរលាក់ IRI មានតម្លៃតូចជាង ២m/km ដែលស្ថិតក្នុងកម្រិតល្អណាស់។ហើយចំពោះផ្លូវបេតុង ការពិនិត្យកម្រិតនៃភាពកកិត ក៏ត្រូវបានផ្ទៀងផ្ទាត់ឡើងវិញដែរហើយជាលទ្ធផលឃើញថា តម្លៃនៃភាពកកិតរបស់ផ្ទៃកម្រាលបេតុងគឺខ្ពស់ជាងស្តង់ដារដែលបានកំណត់។
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានបច្ចេកទេសក្រសួងសាធារណការនិងដឹកជញ្ជូន បានឱ្យដឹង ថា គម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវលេខ១៤៦បេ(វិថីសម្ដេចសង្ឃរាជទេពវង្ស) និងផ្លូវលេខ១៤៨ សម្រេចវឌ្ឍនភាពការងារបាន៩៩,៨១% ហើយគិតរហូតមកទល់ពេលនេះ។
សូមជម្រាបជូនថាកំណាត់ផ្លូវនេះគឺជាផ្លូវវាងក្រុងដ៏មានសក្ដានុពលសម្រាប់បម្រើឱ្យការដឹកជញ្ជូនទំនិញនាំចេញ-ចូលតាមនាវា កសិផល និងជលផលរបស់បងប្អូនប្រជាពលរដ្ឋ នៅស្រុកស្ទឹងហាវក៏ដូចជាបងប្អូនរស់នៅតំបន់ទំនប់រលកចាស់នៃក្រុងព្រះសីហនុទៅកាន់ទីផ្សារកាន់តែមានលក្ខណៈ ងាយស្រួល ឆាប់រហ័ស និងចំណាយតិចនិងចូលរួមចំណែកដល់ការកាត់បន្ថយការកកស្ទះចរាចរណ៍យានយន្តដឹកជញ្ជូនទំនិញធុនធ្ងន់តាមផ្លូវជាតិលេខ៤ផងដែរ៕