កម្ពុជា៖ សត្វកណ្តុរមួយក្បាលឈ្មោះ Magawa ដែលទទួលបានមេដាយមាសសម្រាប់វីរភាពរបស់វា នឹងចូលនិវត្តន៍ពីការហិតគ្រាប់មីន ក្រោយពីរយៈពេល5ឆ្នាំនៃការងារ ដែលសត្វកណ្តុរមួយនេះបានហិតមីនបានចំនួន71គ្រាប់ និងគ្រាប់មិនទាន់ផ្ទុះជាច្រើនទៀតនៅក្នុងប្រទេសកម្ពុជា។
បើតាមអ្នកមើលថែរបស់វា កញ្ញា Malen បាននិយាយថាសត្វកណ្តុរអាយុ7ឆ្នាំមួយនេះ មានការអន់ថយក្នុងការងារនេះហើយ ដោយសារតែវាកាន់តែចាស់។
កណ្តុរ Magawa ត្រូវបានបង្វឹកដោយអង្គការសប្បុរសធម៌ប៊ែលហ្សិកឈ្មោះ Apopo មានមូលដ្ឋាននៅប្រទេសតង់ហ្សានី ដែលបានចិញ្ចឹមក្រុមសត្វ ដាក់ឈ្មោះថា HeroRATs ដើម្បីរកគ្រាប់មីនចាប់តាំងពីទស្សវត្សឆ្នាំ1990មក។ សត្វទាំងនោះត្រូវបាន certified ក្រោយពីបានធ្វើការបង្វឹកអស់រយៈពេលមួយឆ្នាំ។
Magawa នឹងស្ថិតនៅក្នុងមុខតំណែងពីរបីសប្តាហ៍ទៀត ដើម្បីជួយណែនាំដល់សត្វដែលមកដល់ថ្មី។
កាលពីខែកញ្ញាឆ្នាំមុន Magawa ទទួលបានមេដាយមាស PDSA Gold សម្រាប់ការលះបង់ជីវិតដើម្បីកាតព្វកិច្ច។ វាគឺជាសត្វកណ្តុរដំបូងគេ ដែលបានទទួលមេដាយក្នុងប្រវត្តិសាស្ត្រ77ឆ្នាំរបស់អង្គការសប្បុរសធម៌។
វាមានទម្ងន់1.2គីឡូក្រាម និងប្រវែង 70cm។ ទំហំវាគឺតូចនិងស្រាលល្មមដែលអាចដើរលើមីនបាន ហើយមិនធ្វើឱ្យមីនផ្ទុះ។
Magawa មានសមត្ថភាពអាចស្វែងរកមីនលើទីលានមួយដែលមានទំហំប៉ុនទីលានវាយកូនបាល់ ក្នុងរយៈពេលតែ 20នាទីតែប៉ុណ្ណោះ បើប្រៀបនឹងមនុស្សគឺត្រូវការពេលពីមួយថ្ងៃទៅបួនថ្ងៃឯណោះ៕