អគារ​មន្ទីរពេទ្យតេជោសែនកោះធំ សាងសង់បាន ៣៣,៥៨% ​គ្រោងនឹងបញ្ចប់នៅឆ្នាំក្រោយ មុនពិធីបុណ្យចូលឆ្នាំខ្មែរ - TrueID

អគារ​មន្ទីរពេទ្យតេជោសែនកោះធំ សាងសង់បាន ៣៣,៥៨% ​គ្រោងនឹងបញ្ចប់នៅឆ្នាំក្រោយ មុនពិធីបុណ្យចូលឆ្នាំខ្មែរ

May 4, 2022

ភ្នំពេញ៖ អគារថ្មីនៃមន្ទីរពេទ្យតេជោសែនកោះធំដែលបានប្រារព្វពិធីក្រុងពាលីបុកគ្រឹះសាងសង់កាលថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល គិតត្រឹមចុងខែមេសាឆ្នាំ២០២២ នេះ ការងារសាងសង់សម្រេចបាន ៣៣,៥៨% ហើយ គ្រោងនឹងបញ្ចប់នៅឆ្នាំក្រោយ មុនពិធីបុណ្យចូលឆ្នាំខ្មែរ។

នេះបើតាមការបញ្ជាក់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ក្នុងជួបពិភាក្សាការងារជាមួយសមាគមនិកាយសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយប្រចាំនៅកម្ពុជា ដឹកនាំដោយលោក Dan Sellers ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីពេទ្យកាល់ម៉ែតក្រុមការងារនៃគណៈកម្មការទទួលបន្ទុក ការងារសាងសង់អគារថ្មីនៃមន្ទីរពេទ្យតេជោសែនកោះធំដើម្បីពិភាក្សាអំពីវឌ្ឍនភាពការងារសាងសង់មន្ទីរពេទ្យតេជោសែនកោះធំ។

អង្គប្រជុំបានពិភាក្សាអំពីគម្រោងបំពាក់បរិក្ខារវេជ្ជសាស្ត្រសម្រាប់ដំណើរការអគារថ្មីនៃមន្ទីរពេទ្យតេជោសែនកោះធំការធានានិរន្តរភាពថវិកាសម្រាប់កិច្ចដំណើរការការបណ្តុះបណ្តាលបុគ្គលិកជំនាញក្រោមកិច្ចសហការពីមន្ទីរពេទ្យកាល់ម៉ែតការរៀបចំបណ្តាញផ្គត់ផ្គង់អគ្គិសនី គម្រោងពិគ្រោះយោបល់ជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួង-ស្ថាប័នពាក់ព័ន្ធសម្រាប់ការគ្រប់គ្រងតាមម៉ូដែលស្វយ័តនិងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ផ្សេងទៀតសម្រាប់តម្រូវរបស់អគារថ្មីនៃមន្ទីរពេទ្យតេជោ សែនកោះធំ។

សូមជម្រាបជូនថាគម្រោងសាងសង់មន្ទីរពេទ្យនេះរួមមាន៖ ការសាងសង់អគារថ្មីចំនួន០៣ខ្នង១)អគារមន្ទីរពេទ្យ ចំនួន ០១ខ្នង មាន០៣ជាន់ ដែលជាន់ផ្ទាល់ដីមានទំហំ ៣.៥១៤,៨ម៉ែត្រការ៉េ ជាន់ទី១មានទំហំ ៣.៥១៤,៨ ម៉ែត្រការ៉េនិងជាន់ទី២ មានទំហំ ៣.៥១៤,៨ ម៉ែត្រការ៉េ ស្មើនឹងទំហំសរុប ១០.៥៤៤,៤ម៉ែត្រការ៉េ ២) អគារខាងឆ្វេង ចំនួន ០១ខ្នង មាន០២ជាន់ ដែលជាន់ផ្ទាល់ដីមានទំហំ៥០០ម៉ែត្រការ៉េ និងជាន់ទី១មាន ទំហំ ៥០០ ម៉ែត្រការ៉េ ស្មើនឹងទំហំសរុប ១០០០ម៉ែត្រការ៉េ ៣) អគារខាងស្តាំចំនួន០១ខ្នង មាន០២ជាន់ដែលជាន់ផ្ទាល់ដីមានទំហំ៥០០ម៉ែត្រការ៉េ និងជាន់ទី១ មានទំហំ៥០០ម៉ែត្រការ៉េ  ស្មើនឹងទំហំសរុប ១០០០ ម៉ែត្រការ៉េ។

អគារទាំង០៣ ខាងលើមានទំហំសរុបស្មើនឹង ១២.៥៤៤,៤ ម៉ែត្រការ៉េដែលអាចផ្ទុកគ្រែអ្នកជំងឺបាន ចំនួន ១៥០ គ្រែ បំពាក់ដោយម៉ាស៊ីនត្រជាក់សម្ភារបរិក្ខារពេទ្យ និងឧបករណ៍បច្ចេកទេសទំនើបៗបម្រើឱ្យ ការព្យាបាលគ្រោងចំណាយពេលសាងសង់ចំនួន១២ខែ ចាប់ផ្តើមពីខែមករា ឆ្នាំ២០២២និងគ្រោងបញ្ចប់ការសាងសង់សំណង់ហេដ្ឋារចនាសម្ព័ន្ធ នៅខែធ្នូ ឆ្នាំ២០២២ខាងមុខ៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...