ឥណ្ឌា៖ ការសម្រេចចិត្តរបស់រដ្ឋឥណ្ឌាមួយក្នុងការប្ដូរឈ្មោះផ្លែស្រកានាគដោយសារតែឈ្មោះនេះមានពាក់ព័ន្ធនឹងប្រទេសចិន បានបង្កើតជាបណ្ដុំកំប្លែង meme ជាច្រើននៅលើប្រព័ន្ធអ៊ីនធឺណេត។ លោកVijay Rupani ប្រមុខរដ្ឋាភិបាលក្នុងរដ្ឋ Gujaratបានមានប្រសាសន៍ថា ផ្លែឈើនេះឥឡូវត្រូវបានគេហៅថាកមល (កៈ-ម៉ល់) ដែលជាភាសាសំស្ក្រឹត មានន័យថា «ផ្កាឈូក»។ ផ្កាឈូកគឺជាគ្រឿងតង្វាយដ៏ពិសិដ្ឋចំពោះសាសនាព្រាហ្មណ៍ហើយក៏ជាផ្កាតំណាងជាតិរបស់ឥណ្ឌាផងដែរ។
ទំនាក់ទំនងរវាងឥណ្ឌានិងចិនមានភាពមិនចុះសម្រុងគ្នាក្នុងប៉ុន្មានខែថ្មីៗនេះដោយកងទ័ពរបស់ពួកគេត្រូវបានដាក់ពង្រាយនៅតាមបណ្ដោយជួរភ្នំហិម៉ាល័យដ៏វែង។
ប្រទេសឥណ្ឌាបានចាប់ផ្ដើមដាំដុះផ្លែស្រកានាគតែនៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះប៉ុណ្ណោះ ហើយឥឡូវនេះវាត្រូវបានគេដាំដុះនៅផ្នែកខ្លះនៃរដ្ឋGujarat ដែរ។ ផ្លែឈើនេះស្ថិតនៅក្នុងខ្សែស្រឡាយប្រទាលដើមដំបងយក្សហើយគេជឿថាឈ្មោះរបស់វាត្រូវបានដាក់ ដោយសារស្រកាដូចសត្វនាគរបស់វានៅលើសម្បក។ បើទោះបីជាផ្លែឈើតំបន់ត្រូពិចនេះមានដើមកំណើតនៅអាមេរិកកណ្ដាលហើយវាត្រូវបាននាំចូលពីអាមេរិកខាងត្បូងយ៉ាងច្រើនក៏ដោយ ក៏មនុស្សភាគច្រើននៅក្នុងប្រទេសឥណ្ឌាបានគិតថាវាជាប់ទាក់ទងនឹងប្រទេសចិន ដោយសារតែឈ្មោះរបស់វា។
គូបដិបក្ខរវាងឥណ្ឌានិងចិនជារឿយៗត្រូវបានគេមើលឃើញថាជាសត្វដំរីនិងជាសត្វនាគ ហើយទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពល្អក់កករជាពិសេសចាប់តាំងពីកងទ័ពរបស់ពួកគេប៉ះទង្គិចគ្នា នៅហិម៉ាល័យនៅក្នុងរដូវក្ដៅ។
ការសម្រេចចិត្តរបស់រដ្ឋមួយនេះក្នុងការប្ដូរឈ្មោះផ្លែឈើត្រូវបានប្រកាសដោយលោក Rupani កាលពីថ្ងៃអង្គារ។ផ្កាឈូកក៏ជានិមិត្តសញ្ញារបស់គណបក្ស Bharatiya Janata Partyដែលរូបលោកនិងលោកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi ជាសមាជិកផងដែរ៕