បរទេស៖ សព្វថ្ងៃនេះយើងគ្រប់គ្នារស់នៅក្នុងយុគសម័យមួយដែលស្ត្រីនិងបុរសជាច្រើនកំពុងព្យាយាមអស់ពីសមត្ថភាព ដើម្បីធ្វើយ៉ាងណាឲ្យមើលទៅរូបរាងមានភាពទាក់ទាញនិងស្រស់សង្ហា។ ហើយទន្ទឹមនឹងនេះដែរ ក៏មានមនុស្សមួយចំនួនមានរូបរាងស្គមស្គាំងយ៉ាងខ្លាំង ដែលអាចបណ្ដាលមកពីជំងឺ ឬសុខភាពមិនអំណោយផលពីកំណើតជាដើមបើទោះបីជាខំប្រឹងបរិភោគអាហារច្រើនយ៉ាងណាក៏ដោយ។
ជាក់ស្ដែងស្ត្រីម្នាក់មានឈ្មោះថា Lizzie Velasquez មានរូបរាងស្គមស្គាំងយ៉ាងខ្លាំងចាប់តាំងពីកើតមកម៉្លេះ។នាងបានកើតនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៨៩ ក្នុងរដ្ឋតិចសាស់ នៃសហរដ្ឋអាមេរិក ដែលកើតនៅសប្ដាហ៍ទី៤នៃការពរពោះដោយមានទម្ងន់តិចជាង១.២គីឡូក្រាម។ ហើយនាងបានកើតមកដោយមានផ្ទុកជំងឺកម្រមួយឈ្មោះថា Marfanoid-progeroid-lipodystrophy ដែលរារាំងនាងមិនឲ្យកកកុញខ្លាញ់ក្នុងខ្លួន និងឡើងទម្ងន់។ បន្ថែមពីនេះទៀតនាងក៏បានពិកាភ្នែកស្ដាំផងដែរ ចាប់តាំងពីនៅវ័យក្មេងមកម៉្លេះ ហើយភ្នែកខាងឆ្វេងក៏ហាក់មានភាពព្រិលៗបន្ដិចបន្ដួចផងដែរ។
បើក្រឡេកទៅកាន់កាលវ័យសិក្សាវិញនាង Lizzie ទទួលបានការសើចចំអកយ៉ាងខ្លាំងពីសំណាក់មិត្តភក្ដិមួយចំនួនដោយសារតែនាងមានរូបរាង និងមុខមាត់ខុសពីគេដទៃ តែបញ្ហានេះមិនបានធ្វើឲ្យនាងរាថយក្នុងជីវិតឡើយ ដែលប្រែជាកម្លាំងចិត្តតស៊ូទៅវិញ។
យ៉ាងណាមិញ ទម្ងន់របស់នាង Lizzie មកទល់បច្ចុប្បន្ននេះមិនដែលឡើងលើសពី៣០គីឡូក្រាមឡើយ ហើយចំពោះការងាររបស់នាងវិញ មានដូចជា Youtuber,អ្នកនិពន្ធសៀវភៅ និងវាគ្មិនលើកទឹកចិត្តមនុស្សគ្រប់រូបដែលមានអ្នកតាមដាននៅលើគណនីបណ្ដាញសង្គមអុីស្ដារក្រាមរបស់នាងផ្ទាល់ ចំនួនជាង៧៥០,០០០ នាក់ឯណោះ៕
សូមទស្សនារូបភាពខាងក្រោម៖