បរទេស៖ ប្រទេសឥណ្ឌាបានចាប់ផ្តើមបន្តការនាំចេញវ៉ាក់សាំងការពារជំងឺកូវីដ១៩ក្នុងចំនួនតិចតួចឡើងវិញ នឹងបង្កើនការនាំចេញច្រើននៅប៉ុន្មានខែខាងមុខនេះ ដោយសារចំនួនវ៉ាក់សាំងក្នុងស្តុកកើនឡើង ស្របពេលប្រជាជនភាគច្រើនបានចាក់វ៉ាក់សាំងរួចរាល់។ នេះបើតាមប្រភពព័ត៌មមាន CNA។
ស្ថានទូតឥណ្ឌាប្រចាំនៅទីក្រុងតេហេរ៉ង់បាននិយាយថា វ៉ាក់សាំងមួយលានដូសដែលផលិតដោយក្រុមហ៊ុនឥណ្ឌា Bharat Biotech ត្រូវបាននាំចេញទៅប្រទេសអ៊ីរ៉ង់កាលពីសប្តាហ៍មុនព្រមទាំងនាំចេញទៅប្រទេសនេប៉ាល់ផងដែរ។
រហូតមកដល់ពេលនេះ វ៉ាក់សាំងប្រហែល ៤លានដូស ត្រូវបាននាំចេញដែលជាចំនួនតូចមួយសមាមាត្រទៅនឹងកម្មវិធីការទូតវ៉ាក់សាំងដែលរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី NarendraModi ចាប់ផ្តើមនៅឆ្នាំនេះមុនពេលរលកទី ២ នៃជំងឺកូវីដ បានបង្ខំឲ្យបញ្ឈប់កម្មវិធីនេះ។
សូមជម្រាបថា វិទ្យាស្ថាន Serum កំពុងផលិតវ៉ាក់សាំង Oxford AstraZeneca ចំនួន ២២០លានដូសក្នុងមួយខែ កើនឡើងពី ១៥០លានដូសនៅក្នុងខែសីហា ហើយក្រុមហ៊ុន Bharat Biotech កំពុងផ្គត់ផ្គង់វ៉ាក់សាំងដែលផលិតក្នុងស្រុកចំនួន៣០លានដូស ដែលគ្រោងនឹងបង្កើនដល់ ៥០លានដូស នៅខែក្រោយ៕