កម្ពុជា៖ ស្ថានភាពជំងឺកូវីដ-១៩ នៅក្នុងព្រះរាជជាណាចក្រកម្ពុជា កំពុងស្ថិតក្នុងការព្រួយបារម្ភនៅឡើយ ដោយថ្មីៗនេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏ទើបបានចេញសេចក្ដីសម្រេចស្ដីពីការអនុវត្ដវិធានការរដ្ឋបាលសម្រាប់ភូមិសាស្ដ្ររាជធានីភ្នំពេញ រយៈពេល១៤ថ្ងៃផងដែរ។ ទន្ទឹមនឹងនេះដែរ ឃើញថាចំនួនករណីឆ្លងនៅតាមបណ្ដាខេត្ដនានា ក៏ហាក់មានសន្ទុះកើនឡើងគួរឲ្យព្រួយបារម្ភខ្លាំង ក្នុងរយៈពេលចុងក្រោយមកនេះ។
ជាក់ស្ដែង បើយោងតាមការចេញផ្សាយរបស់ផេក អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នាថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១នេះ បានឲ្យដឹងថា នៅក្នុងរយៈពេលត្រឹមតែ ២៤ ម៉ោងប៉ុណ្ណោះ មានខេត្ដចំនួន ៤ បានរកឃើញករណីឆ្លងថ្មីច្រើនជាង ១០០ ករណី ដោយរួមមានខេត្តព្រះសីហនុ កំពង់ស្ពឺ កណ្ដាល និង បន្ទាយមានជ័យ។
អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសអ្នករស់នៅក្នុងតំបន់មានការឆ្លងរាលដាលច្រើន សូមបន្ដ និងបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ តាមរយៈការពាក់ម៉ាស់ លាងដៃសម្លាប់មេរោគ និងរក្សាគម្លាតសុវត្ថិភាពជាដើម៕
ប្រភព៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩