ឥណ្ឌា៖ កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ ក្រុមមន្ដ្រីបាននិយាយថាសត្វដំរីចំនួន២៨ក្បាលត្រូវបានគេធ្វើតេស្ដរកជំងឺកូវីដ-១៩ នៅឯជម្រកសត្វព្រៃមួយ ស្ថិតនៅភាគខាងត្បូងប្រទេសឥណ្ឌាបន្ទាប់ពីមានសត្វតោដ៏កម្រមួយកបានងាប់ដោយសារជំងឺនេះ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា សត្វដំបូងបង្អស់ក្នុងប្រទេសឥណ្ឌាដែលគេជឿថាបានងាប់ដោយសារជំងឺកូវីដ-១៩នោះ គឺជាសត្វតោអាយុ ៩ឆ្នាំ នៅឯសួនសត្វមួយ ក្នុងទីក្រុងChennai រដ្ឋ Tamil Nadu ដែលបានបាត់បង់ជីវិតកាលពីដើមខែមិថុនា។ហើយកាសែតក្នុងស្រុកមួយទៀត បានរាយការណ៍ដែរថា កាលពីសប្ដាហ៍មុននេះមានសត្វតោចំនួន ២ក្បាលដែលស្ថិតក្នុងចំណោមសត្វតោចំនួន ៩ក្បាលដែលតេស្ដវិជ្ជមាន កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
យ៉ាងណាមិញ បន្ទាប់ពីសត្វតោក្នុងសួនសត្វ Vandalur បានធ្វើតេស្ដវិជ្ជមានកូវីដ-១៩ អនុរក្សក្នុងរដ្ឋ Tamil Nadu បានស្នើឲ្យធ្វើតេស្ដលើសត្វដំរី ហើយបានយកសំណាកបានចំនួន ២៨ក្បាល រួមទាំងកូនគោចំនួន២ក្បាលផងដែរ កាលពីថ្ងៃអង្គារ និងបានបញ្ជូនសំណាកទៅពិនិត្យនៅវិទ្យាស្ថានស្រាវជ្រាវពេទ្យសត្វឥណ្ឌានៅរដ្ឋ Uttar Pradesh។ ចំណែកលទ្ធផលវិញ ត្រូវបានគេរំពឹងថា នឹងទទួលបានក្នុងមួយសប្ដាហ៍៕
ប្រភព៖ CNA