ភ្នំពេញ៖ នាព្រឹកថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២២នេះ ថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីរបស់សាកលវិទ្យាល័យអាស៊ី-អឺរ៉ុប សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា នៅឆ្នាំ២០២៣ខាងមុខនេះមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ក៏ដូចជា និវត្តន៍ជន អ្នកចូលនិវត្តន៍និងគ្រប់តួអង្គដែលធ្វើការឱ្យរដ្ឋ នឹងទទួលបានការដំឡើងបៀវត្សរ៍ បន្ទាប់ពីអាក់ខានដោយសារជំងឺកូវីដ១៩។
សម្ដេចតេជោ ហ៊ុនសែន បានថ្លែងថា ពិតហើយ នៅក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ លោកគ្រូ អ្នកគ្រូសាស្ត្រាចារ្យរបស់យើង ក៏ដូចជាមន្ត្រីរាជការទូទាំងប្រទេសមិនបានទទួលការដំឡើងប្រាក់បៀវត្សរ៍នោះទេ ដោយសារយើងត្រូវខិតខំសន្សំសំចៃថវិកានោះដើម្បីឆ្ពោះទៅរកការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
នៅឆ្នាំ២០២៣នេះមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធរបស់យើង ក៏ដូចជា និវត្តន៍ជនអ្នកចូលនិវត្តន៍ និងគ្រប់តួអង្គដែលធ្វើការឱ្យរដ្ឋ នឹងទទួលបានការដំឡើងបៀវត្សរ៍។ ក្នុងនោះគ្រូបង្រៀន និងគ្រូពេទ្យ ត្រូវជាអាទិភាពដែលទទួលបានប្រាក់បៀវត្សរ៍ខ្ពស់ជាងគេដែលយើងផ្ដល់អាទិភាពសម្រាប់ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល៕