ហេតុអ្វី មានទំនៀមទម្លាប់បណ្តែតដូនតា នៅថ្ងៃបង្ហើយពិធីបុណ្យភ្ជុំបិណ្ឌ? - TrueID

ហេតុអ្វី មានទំនៀមទម្លាប់បណ្តែតដូនតា នៅថ្ងៃបង្ហើយពិធីបុណ្យភ្ជុំបិណ្ឌ?

September 18, 2022

ទូទៅ ៖ ដូចដែលដឹងស្រាប់ហើយថា កំឡុងពេលនេះជាពេលវេលាកាន់បិណ្ឌតាមប្រពៃណីខ្មែរ នៅសល់មិនប៉ុន្មានថ្ងៃទៀតឡើយនឹងឈានចូលដល់ពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ ដែលប្រារព្ធទៅរយៈពេល៣ថ្ងៃ ដោយបងប្អូនភាគច្រើន នាំគ្នាឈប់សម្រាក ម្នីម្នាចាកចេញពីកន្លែងស្នាក់នៅទៅកាន់ស្រុកកំណើត ដើម្បីជួបជុំគ្រួសារនិងទៅវត្តវ៉ាធ្វើបុណ្យទន្ទិសកុសលទៅកាន់តែញាតិទាំង៧សន្តាន។

រូបភាពពីហ្វេសប៊ុក
រូបភាពពីហ្វេសប៊ុក

តួយ៉ាង នៅវេលាទៀបភ្លឺ បន្ទាប់ពីថ្ងៃឆ្លងពិធីបុណ្យភ្ជុំបិណ្ឌឆ្លងចប់សព្វគ្រប់ហើយ ប្រជាជនតែងមានទំនៀមទម្លាប់ធ្វើពិធីបណ្តែតដូនតាគ្រប់ៗគ្នា បើទោះបីជាគម្ពីរព្រះពុទ្ធមិនបានរៀបរាប់ពីពិធីនេះក្តី ប៉ុន្តែវាជាពិធីដែលមិនអាចខ្វះបានឡើយនៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌ។

រូបភាពពីហ្វេសប៊ុក
រូបភាពពីហ្វេសប៊ុក

ផ្ទុយទៅវិញ បើយោងតាមសៀវភៅប្រជុំរឿងព្រេងខ្មែរនោះ គឺ ពិធីនេះត្រូវគេឯងប្រារព្ធធ្វើតពីដូនតា តាំងពីបុរាណមកម្លេះ ដោយដំណាលថា ថ្ងៃមួយមានឈ្មួញប្រមាណ៥០០សំពៅ បានធ្វើដំណើរតាមផ្លូវសមុទ្រ លុះដល់ពេលព្រះអាទិត្យរាបលិចនោះ ក៏ចូលសំចត។

គាប់ជួនអ្វីដល់ពេលយប់ងងឹត ពពួកប្រេតដែលអត់ឃ្លានអស់ច្រើនលានឆ្នាំក៏ចេញមក ឃើញមនុស្សដេកលង់លក់ជាច្រើនក៏សប្បាយចិត្ត ចាប់មនុស្សទាំងនោះជាចំណី តែសំណាងល្អមាន នាយឈ្មួញម្នាក់ហ៊ានចេញមកដាក់សំណើនឹងពពួកប្រេត ព្រោះយល់ឃើញថា មិនអាចបណ្តោយឲ្យស្លា.ប់យ៉ាងដូច្នេះឡើយ។ 

នាយឈ្មួញរូបនោះក៏បានប្រាប់ពពួកប្រេតថា បើយកពួកគេធ្វើជាចំណី ពពួកប្រេតអាចត្រឹមចម្អែតក្រពះមួយពេលប៉ុណ្ណោះ ប៉ុន្តែបើដោះលែងពួកគេឲ្យធ្វើជាអ្នករកចំណីវិញនឹងត្រូវឆ្អែតជាប្រចាំ ដោយគិតមួយសន្ទុះ ពពួកប្រេតក៏ដោះលែងឈ្មួញទាំងនោះ។

ជាមួយគ្នានោះ ពពួកប្រេតបានផ្តាំថា ប្រសិនបើពួកអ្នកបានដល់ស្រុកកំណើតវិញនោះ ចាំផ្ញើចំណីមកចុះ កាលណាមានជំនោរធ្លាក់ពីទិសខាងជើង អ្នកទាំងអស់គ្នាត្រូវធ្វើក្បូនផ្ទុកដោយ គ្រាប់ធញ្ញជាតិ លាច សណ្តែក ល្ង អំបុក ចេញ ដូង ជាដើម បណ្តែតតាមខ្សែទឹកមកចុះ ជំនោរខ្យល់នឹងបញ្ជូនមកដល់ទីនេះ។

រូបភាពពីហ្វេសប៊ុក
រូបភាពពីហ្វេសប៊ុក

លុះត្រាណា ឈ្មួញទាំងនោះមកដល់ស្រុកកំណើត នឹងដល់រដូវខ្យល់ធ្លាក់ពីទិសខាងជើង ចំពេលបុណ្យភ្ជុំបិណ្ឌ ក៏នាំគ្នាធ្វើតាមបណ្តាំតៗគ្នា រហូតក្លាយជាប្រពៃណីមិនអាចខ្វះបាន ព្រោះមនុស្សនាសម័យនោះគឺគោរពពាក្យសច្ចៈជាខ្លាំង។

គួរបញ្ជាក់ផងដែរថា មនុស្សម្នានាពេលបច្ចុប្បន្ននេះជឿថា នៅក្នុងពិធីកាន់បិណ្ឌទាំង១៤ថ្ងៃនោះ គេឯងនាំគ្នាអុជទៀនធូបហៅពពួកប្រេតដែលជាដូនតាមកទទួលបុណ្យកូនចៅ លុះដល់ថ្ងៃបញ្ចប់ហើយនោះ ក៏ត្រូវបញ្ជូនដូនតាត្រឡប់ទៅវិញ តាមរយៈពិធីបណ្តែតដូនតានេះ៕

រូបភាពពីហ្វេសប៊ុក
រូបភាពពីហ្វេសប៊ុក
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...