ភ្នំពេញ៖ វិស័យឯកជននៅប្រទេសថៃបានអំពាវនាវឲ្យមានការពន្លឿនការអនុវត្តគោលការណ៍សេដ្ឋកិច្ចវិលជុំ(circular economy) ដើម្បីជំរុញជីវភាពប្រសើរឡើងរបស់ប្រជាជន និងដោះស្រាយបញ្ហាធំៗដូចជាគ្រោះរាំងស្ងួត ភាពក្រីក្រ ធូលីបំពុលខ្យល់ PM 2.5 និងបញ្ហាសំណល់។
ការអំពាវនាវនេះធ្វើឡើងនៅឯសន្និសីទSD ឆ្នាំ២០២០ស្ដីពី “សេដ្ឋកិច្ចវិលជុំ៖សកម្មភាពដើម្បីអនាគតប្រកបដោយចីរភាព” ដែលឆ្នាំនេះធ្វើតាមប្រព័ន្ធអនឡាញ។
នៅក្នុងសន្និសីទនេះក្រុមហ៊ុន SCG និងដៃគូទាំង១៨០ បានប្រកាសអំពីវឌ្ឍនភាពនៃការអនុវត្តសេដ្ឋកិច្ចវិលជុំនាឆ្នាំកន្លងមក និងសម្រាប់ឆ្នាំ២០២០ នេះក្រុមហ៊ុន និងដៃគូបានដាក់ចេញនូវដំណោះស្រាយ ៤ចំណុច ដែលចាំបាច់ត្រូវធ្វើការជាបន្ទាន់រួមមាន ៖
១. ដោះស្រាយគ្រោះរាំងស្ងួត ដោយប្រើប្រព័ន្ធទឹកវិលជុំ,
២.កាត់បន្ថយធូលីបំពុលខ្យល់ PM 2.5 ដោយអនុវត្តកសិកម្មដែលគ្មានការដុត១០០%ព្រមទាំងការផ្ដល់លទ្ធភាពប្រើប្រាស់គ្រឿងម៉ាស៊ីនកសិកម្មដល់កសិករដើម្បីបង្កើតចំណូលប្រកបដោយនិរន្តរភាព,
៣. ស្នើឲ្យដាក់បញ្ចូលការគ្រប់គ្រងសំណល់ផ្លាស្ទិកទៅក្នុងរបៀបវារៈជាតិ,និង
៤. ស្វែងរកការយកចិត្តទុកដាក់ពីរដ្ឋាភិបាលដើម្បីគាំទ្រដល់សំណង់បៃតងនិងបរិស្ថានមេត្រី។
លោក Roongrote Rangsiyopash ប្រធាននិងអគ្គនាយក SCG បានថ្លែងថា សន្និសីទ SD នេះធ្វើឡើងក្នុងបំណងបំផុសគំនិតដើម្បីដោះស្រាយភាពប្រឈមចំពោះជាតិនិងប្រជាជន ដែលកំពុងកើតមានដូចជា របៀបកាត់បន្ថយផលប៉ះពាល់ពីបញ្ហាអាកាសធាតុធូលីបំពុលខ្យល់ PM 2.5 គ្រោះរាំងស្ងួត ទឹកជំនន់កង្វះធនធានធម្មជាតិ ការកើនឡើងនូវសំណល់ផ្លាស្ទិកក្នុងអំឡុងវិបត្តិកូវីដ-១៩។
លោក Roongrote បាននិយាយថា៖
១. កសាងប្រព័ន្ធទឹកវិលជុំ៖ ជាការត្រៀមលក្ខណៈដើម្បីទប់ទល់នឹងគ្រោះរាំងស្ងួតធ្ងន់ធ្ងរនៅឆ្នាំខាងមុខកិច្ចសហប្រតិបត្តិការនេះមានគោលដៅជំរុញកសិករឲ្យមានភាពស៊ាំក្នុងការរៀនសូត្រអំពីវិធីសាស្ត្រកែសម្រួលដីរួមជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យា។ លើសពីនេះទៀត ដើម្បីអប់រំកសិករនិងកសិករថ្មីដែលវិលត្រឡប់ទៅស្រុកកំណើតវិញដោយសារផលប៉ះពាល់សេដ្ឋកិច្ចពីកូវីដ-១៩និងពង្រីកគំនិតទាំងនេះទៅទូទាំងប្រទេស យើងបានស្នើសុំឲ្យរដ្ឋាភិបាលចូលរួមនៅក្នុងគម្រោងនេះ។ គោលបំណងនៃគម្រោងនេះ គឺដើម្បីកាត់បន្ថយវិសមភាពសង្គម ស្ដារសេដ្ឋកិច្ចសហគមន៍និងបង្កើនផលដំណាំកសិកម្មរបស់ប្រទេសដើម្បីឲ្យប្រទេសថៃក្លាយជាផ្ទះបាយរបស់ពិភពលោក។
២. ជំរុញកសិកម្មដែលគ្មានការដុតភ្លើង ១០០%នៅក្នុងឆ្នាំ២០២២៖ ដោយអនុវត្តគោលការណ៍សេដ្ឋកិច្ចវិលជុំដោយច្នៃប្រើប្រាស់ឡើងវិញនូវសម្ភារៈសំណល់ដូចជា គល់កញ្ជ្រាំង ស្លឹកអំពៅ ចំបើងដោយបំប្លែងវាទៅជាថាមពលជំនួស ជីវម៉ាស ចំណីសត្វជាដើម ហើយការវេចខ្ចប់ដោយប្រើរុក្ខជាតិនឹងកាត់បន្ថយធូលី PM 2.5 និងបង្កើតចំណូលបាន ២៥.០០០លានបាតក្នុងមួយឆ្នាំ។ បន្ថែមលើនេះ គឺការណែនាំអំពីគោលគំនិតសេដ្ឋកិច្ចចែករំលែក (sharing economy) នៅក្នុងការបង្កើតមូលនិធិគ្រឿងចក្រសហគមន៍ដែលអនុញ្ញាតឲ្យកសិករប្រើប្រាស់គ្រឿងចក្រកសិកម្មសម្រាប់ការកែលម្អការដាំដុះនិងការប្រមូលផល ព្រមទាំងបង្កើនទិន្នផលរបស់ពួកគាត់ដោយមិនចាំបាច់វិនិយោគទៅលើគ្រឿងចក្រដោយខ្លួនឯងឡើយ។
៣. ជំរុញឲ្យរដ្ឋាភិបាលដាក់ការគ្រប់គ្រងសំណល់ផ្លាស្ទិកជារបៀបវារៈជាតិ៖ ប្រទេសថៃត្រូវតែអនុវត្តច្បាប់គ្រប់គ្រងសំណល់ឲ្យបានហ្មត់ចត់។ រដ្ឋាភិបាលក៏ត្រូវបានជំរុញផងដែរឲ្យជួយសម្របសម្រួលនិងដាក់ចេញនូវបទប្បញ្ញត្តិនានាដើម្បីអាចធ្វើការរួមគ្នានៅលើបញ្ហានេះបាន។ ផែនទីបង្ហាញផ្លូវសម្រាប់ការគ្រប់គ្រងសំណល់ផ្លាស្ទិកត្រូវការចាំបាច់នូវក្របខ័ណ្ឌរឹងមាំ និងដំណើរការការងារច្បាស់លាស់។ស្ថាប័ននិយ័តកម្ម ត្រូវដឹកនាំភាពម្ចាស់ការនៅក្នុងការដោះស្រាយបញ្ហានេះនៅក្នុងខ្សែចង្វាក់តម្លៃទាំងអស់ ដោយរាប់ចាប់តាំងពីការកែសម្រួលរចនាសម្ព័ន្ធពន្ធនិងការផ្ដល់បុព្វសិទ្ធិពន្ធដល់ធុរកិច្ចគ្រប់គ្រងនិងកែច្នៃសំណល់។
៤. ជំរុញសេដ្ឋកិច្ចវិលជុំនៅក្នុងវិស័យសំណង់៖ នៅក្នុងការប្រែក្លាយវិស័យសំណង់ឲ្យទៅជាវិស័យបៃតង និងបរិស្ថានមេត្រីរដ្ឋាភិបាលចាំបាច់ត្រូវតែដើរតួនាទីដឹកនាំ។រដ្ឋាភិបាលត្រូវដាក់ចេញនូវគោលការណ៍ណែនាំលទ្ធកម្មថ្មីសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ។ការប្រើប្រាស់បច្ចេកវិទ្យាដើម្បីគ្រប់គ្រងធនធានឲ្យមានប្រសិទ្ធផលអតិបរមានិងកាត់បន្ថយសំណល់គ្រឿងសំណង់ក៏ចាំបាច់ត្រូវដាក់បញ្ចូលនៅក្នុងគោលការណ៍ណែនាំនេះផងដែរ ឬម្យ៉ាងទៀតត្រូវផ្ដល់ការលើកទឹកចិត្តផ្នែកពន្ធដល់អ្នកម៉ៅការគម្រោងសាងសង់ដើម្បីលើកទឹកចិត្តពួកគេឲ្យងាកទៅប្រើប្រាស់វត្ថុធាតុដើមបរិស្ថានមេត្រីឬច្នៃប្រើប្រាស់វត្ថុធាតុដើមឡើងវិញនៅក្នុងការសាងសង់។
SCG បានសន្យាកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់និងឈានទៅដល់ការកាត់បន្ថយឲ្យដល់កម្រិតសូន្យនៅក្នុងឆ្នាំ២០៥០ដោយចូលរួមក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីសដើម្បីរឹតត្បិតកំណើតសីតុណ្ហភាពឲ្យនៅត្រឹមតិចជាង ១,៥អង្សាសេ។ ជាងនេះទៅទៀតក្រុមហ៊ុន SCG ក៏បានដាក់បញ្ចូលលនូវគោលការណ៍សេដ្ឋកិច្ចវិលជុំទៅក្នុងប្រតិបត្តិការធុរកិច្ចរបស់ខ្លួនផងដែរ។ ដើម្បីសម្រេចគោលដៅនិរន្តរភាព SCG បានអនុវត្តនូវយុទ្ធសាស្ត្រដូចខាងក្រោម៖
ធុរកិច្ចវេចខ្ចប់ អនុវត្តគោលការណ៍សេដ្ឋកិច្ចវិលជុំនៅក្នុងទិដ្ឋភាពនានានៃប្រតិបត្តិការរបស់ខ្លួន។ ក្នុងន័យជាដំណោះស្រាយផ្នែករចនាផលិតផល យើងផ្ដោតសំខាន់ទៅលើការធ្វើរចនាបថផលិតផលដែលប្រើប្រាស់ធនធានតិចជាងមុន និងប្រើប្រាស់ធនធានដែលអាចប្រើឡើងវិញ ឬកែច្នៃប្រើបានឡើងវិញ។ចំពោះការគ្រប់គ្រងខ្សែងចង្វាក់តម្លៃ យើងបានអនុវត្តកម្មវិធីទទួលយកផលិតផលមកវិញដើម្បីធានានូវការគ្រប់គ្រងធនធាននិងសំណល់ឲ្យមានប្រសិទ្ធផលព្រមទាំងបង្កើនអត្រានៃការកែច្នៃប្រើឡើងវិញនៅក្នុងដំណើរការផលិតកម្ម។
ធុរកិច្ចគីមី បានប្រើប្រាស់នូវបច្ចេកវិទ្យាដើម្បីដាក់បញ្ចូល និងអនុវត្តគោលការណ៍សេដ្ឋកិច្ចវិលជុំនៅក្នុងខ្សែចង្វាក់ផ្គត់ផ្គង់ទាំងមូល ដោយរាប់ចាប់តាំងពីការអភិវឌ្ឍផលិតផល(បង្កើនសមត្ថភាពកែច្នៃប្រើឡើងវិញដូចជា ផលិតផលដែលប្រើវត្ថុធាតុដើមតែមួយប្រភេទ (mono-materials)និងការអភិវឌ្ឍបច្ចេកវិទ្យាកែច្នៃប្រើប្រាស់ផ្លាស្ទិក(ដោយបង្កើនអត្រានៃការប្រើប្រាស់សំណល់ជាវត្ថុធាតុដើម)រហូតដល់ការបង្កើតកម្មវិធីឌីជីថល ដើម្បីជាឧបករណ៍សម្រាប់ញែក និងប្រមូលសំណល់(ដោយបង្កើតនូវសហគមន៍គ្មានសំណល់ និងគាំទ្រដល់ប្រតិបត្តិការធនាគារសំណល់)។
ធុរកិច្ចស៊ីម៉ងត៍-គ្រឿងសំណង់ ផ្ដោតសំខាន់លើបច្ចេកវិទ្យាដែលមាននវានុវត្តន៍សម្រាប់ការអភិវឌ្ឍផលិតផល និងសេវាកម្មដើម្បីបំពេញទៅតាមសេចក្ដីត្រូវការរបស់អតិថិជន និងតម្រូវការបរិស្ថាននៅក្រោមស្លាកយីហោ «ជម្រើសបៃតងរបស់ SCG»។ ស្លាកយីហោនេះផ្ដល់នូវផលិតផលដែលផលិតចេញពីវត្ថុធាតុដើមច្នៃប្រើប្រាស់ឡើងវិញជាផលិតផលសម្រេចដែលកាត់បន្ថយសំណល់នៅក្នុងដំណើរការដំឡើងនិងផលិតផលនិងសេវាកម្មដែលជួយកាត់បន្ថយការប្រើប្រាស់ថាមពលឬដែលប្រើប្រាស់ថាមពលកកើតឡើងវិញដូចជា ថាមពលពន្លឺព្រះអាទិត្យ។កិច្ចប្រឹងប្រែងទាំងនេះនាំឆ្ពោះទៅរក «ការរស់នៅបៃតងនិងសង្គមបៃតង» ដែលរួមបញ្ចូលការប្រើប្រាស់វត្ថុធាតុដើមសំណល់ឡើងវិញ ក្រោមយុទ្ធនាការ «ប្រែក្លាយសំណល់ទៅជាទ្រព្យ» ដើម្បីផ្ដល់ផលប្រយោជន៍ដល់សង្គមជាតិ៕