ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញឱ្យបានជ្រាបថា ក្រសួងការពារជាតិនឹងរៀបចំពិធីអបអរសាទរខួបលើកទី២៤នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅ កម្ពុជានិងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះឈ្នះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ប៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានៅវិមានឈ្នះឈ្នះ ដែលស្ថិតនៅភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេកខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។
រដ្ឋបាលរាជធានីភ្នំពេញបញ្ជាក់ថា ដើម្បីឱ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូនរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀប រៀបរយសាធារណៈរដ្ឋបាលរាជធានីភ្នំពេញធ្វើការបញ្ចៀសចរាចរនិងផ្អាកចរាចរជាបណ្ដោះអាសន្នជុំវិញទីតាំង ប្រារព្ធពិធីដោយមិនអនុញ្ញាតឱ្យយានជំនិះគ្រប់ប្រភេទឆ្លងកាត់កំណាត់មហាវិថីឈ្នះឈ្នះពីគល់ស្ពានព្រែកព្នៅ រហូតដល់ផ្លូវជាតិលេខ៦ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ចាប់ពីវេលាម៉ោង ០៥:០០នាទី រហូតដល់វេលាម៉ោង ១២:០០នាទី៕