ភ្នំពេញ៖រដ្ឋបាលខណ្ឌច្បារអំពៅ បានចេញសេចក្ដីជូនដំណឹង ស្តីពីការបញ្ជៀសចរាចររថយន្តដឹកទំនិញ រថយន្តធុនធ្ងន់និងរថយន្តដឹកដី-ក្រួស-ថ្ម-ខ្សាច់គ្រប់ប្រភេទជាបណ្តោះអាសន្ននៅលើកំណាត់ផ្លូវលេខ១១០ត្រង់ចំណុចស្ពានព្រែកអ្នកតាវាំង ស្ថិតក្នុងភូមិព្រែកថ្មី សង្កាត់ព្រែកថ្មីខណ្ឌច្បារអំពៅ ដោយសារមានការបាក់ស្រុតដីនៅគល់ស្ពានផ្នែកខាងជើងឆៀងខាងកើត។
បច្ចុប្បន្នរដ្ឋបាលខណ្ឌច្បារអំពៅ បានសហការជាមួយក្រុមការងារបច្ចេកទេសជំនាញដើម្បីជួសជុលកែលម្អទីតាំងដែលមានការបាក់ស្រុតខាងលើ។រដ្ឋបាលខណ្ឌច្បារអំពៅក៏បានស្នើសុំឲ្យម្ចាស់ក្រុមហ៊ុនដឹកជញ្ជូននិងអ្នកបើកបររថយន្តដឹកទំនិញ រថយន្តធុនធ្ងន់ និងរថយន្តដឹកដី ក្រួស ថ្មខ្សាច់គ្រប់ប្រភេទ បញ្ចៀសការធ្វើចរាចរជាបណ្តោះអាសន្ននៅលើកំណាត់ផ្លូវលេខ១១០ ត្រង់ចំណុចស្ពានព្រែកអ្នកតាវាំង ស្ថិតនៅក្នុងភូមិព្រែកថ្មី សង្កាត់ព្រែកថ្មីចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី៕