ហ្វីលីពីន៖ មេដឹកនាំនៅលើពិភពលោកជាច្រើនបានចាក់វ៉ាក់សាំងកូវីដ១៩ ដោយធ្វើការផ្សាយបន្តផ្ទាល់ ដើម្បីបង្ហាញសាធារណៈជនពីសុវត្ថិភាពរបស់វ៉ាក់សាំងនោះ ប៉ុន្តែផ្ទុយមកវិញប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បដិសេធមិនធ្វើដូច្នោះ ពីព្រោះលោកចង់ចាក់លើកំប៉េះគូទរបស់លោកវិញ។
យោងតាម កាសែតManila Bulletin លោក HarryRoque បានប្រាប់ឱ្យដឹងថា “ប្រធានាធិបតីហ្វីលីពីនចង់ចាក់វ៉ាក់សាំងកូវីដ១៩នៅកំប៉េះគូទរបស់លោក ដូចនេះលោកមិនអាចបង្ហាញជាសាធារណៈបានទេ”។
យ៉ាងណាមិញ លោក RodrigoDuterte ធ្លាប់បានប្រាប់រួចមកហើយថា លោកនឹងចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុនរុស្ស៊ីជាសាធារណៈប៉ុន្តែមិនដឹងមូលហេតុអ្វីបានជាលោកប្រែក្រឡាស់វិញ។ ក្នុងនោះដែរ រដ្ឋលេខាធិកាសុខភាព ក៏ដូចជាមន្រ្តីគ្រប់គ្រងរោគរាតត្បាតជាច្រើនអ្នក បានព្យាយាមបញ្ចុះបញ្ចូលលោក Duterte ឱ្យគោរពតាមពាក្យសម្តី ដែលលោកធ្លាប់សន្យា ប៉ុន្តែត្រូវបរាជ័យ។
គួរជម្រាបដែរថា យោងតាមការស្ទង់មតិទាក់ទងនឹងការចាក់វ៉ាក់សាំងកូវីដ១៩ដែលចេញផ្សាយកាលពីសប្តាហ៍មុន បានបង្ហាញថា មានពលរដ្ឋហ្វីលីពីនភាគតិចដែលមានឆន្ទៈក្នុងការចាក់វ៉ាក់សាំងការពារ ដូចនេះហើយការចាក់វ៉ាក់សាំងរបស់ប្រធានាធិបតីហ្វីលីពីន គឺជាមធ្យោបាយមួយដើម្បីជួយជំរុញឱ្យពួកគេជឿជាក់លើវ៉ាក់សាំង៕