ប៉ុយការែស៖ ក្រុមអាជ្ញាធរបានប្រាប់ឱ្យដឹងថាអគ្គិភ័យមួយបានសម្លាប់អ្នកជំងឺ ៤នាក់ នៅមន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩ ក្នុងរដ្ឋធានីBucharest ប្រទេសរ៉ូម៉ានីកាលពីព្រឹកថ្ងៃសុក្រនេះ ហើយមនុស្ស ១០២នាក់ផ្សេងទៀត ត្រូវបានជម្លៀសចេញ។
អគ្គិភ័យបានឆាបឆេះនៅម៉ោងប្រហែល៣ព្រឹក ក្នុងអគារមួយនៃមន្ទីរពេទ្យ Matei Bals ដែលជាទីតាំងផ្ទុកអ្នកជំងឺកូវីដ១៩ច្រើនបំផុតក្នុងប្រទេសនេះ។ ក្នុងនោះ មានបន្ទប់ចំនួន ៤ រងផលប៉ះពាល់ ហើយព្រះរាជអាជ្ញាកំពុងធ្វើការស៊ើបអង្កេតរកមូលហេតុនៃអគ្គិភ័យនេះ។
យ៉ាងណាមិញ អ្នកជំងឺកូវីដ១៩ដែលត្រូវបានជម្លៀសចេញពីមន្ទីរពេទ្យ គឺមានអាការៈពីមធ្យមទៅធ្ងន់ធ្ងរដោយភាគច្រើនពួកគេមានពាក់បំពង់អុកស៊ីសែនការពារ និងខ្លះទៀតបានបញ្ចូនទៅមន្ទីរពេទ្យក្រៅរដ្ឋហើយសេសសល់ត្រូវបញ្ចូនទៅអាគារផ្សេងៗរបស់មន្ទីរពេទ្យ Matei Bals។
គួរជម្រាបដែរថា រ៉ូម៉ានីគឺជាប្រទេសមួយក្នុងបណ្ដាលប្រទេសអឺរ៉ុប ដែលមានប្រព័ន្ធថែទាំសុខភាពនៅអន់ថយហើយតែងតែរងសម្ពាធដូចជា អំពើពុករលួយ អសមត្ថភាព និងការគ្រប់គ្រងផ្នែកនយោបាយមិនទៅមុខ៕